ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌាបានអនុម័តការចំណាយទុនវិនិយោកចំនួន៣៣៦,៦ពាន់លានរូពី (ប្រមាណ៣,៦៣ពាន់លានដុល្លារ) ដើម្បីអភិវឌ្ឍសួនឧស្សាហកម្មចំនួន១០០ ក្នុងគោលបំណងជំរុញសមត្ថភាពផលិតកម្មក្នុងស្រុករបស់ប្រទេស។
សួនឧស្សាហកម្មទាំងនេះនឹងត្រូវបានអភិវឌ្ឍតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយអាជ្ញាធររដ្ឋនីមួយៗ និងក្រុមហ៊ុនមួយ ដែលគ្រប់គ្រងដោយរដ្ឋ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋាភិបាលឥណ្ឌាគ្រោងអភិវឌ្ឍដីជាង១៣.៣០០ហិចតាសម្រាប់បម្រើដល់វិស័យផលិតកម្មក្នុងរយៈពេល៦ឆ្នាំខាងមុខ។
សួនឧស្សាហកម្មដែលមានទំហំចាប់ពី៤០,៥ហិកតា ដល់៤០៤,៧ហិកតា នឹងត្រូវបានអភិវឌ្ឍ ដោយរដ្ឋាភិបាលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន១០លានរូពីក្នុងមួយ acre (ប្រមាណ០,៤០៥ហិកតា) សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្នូល និងសង្គម។

ដោយមានប្រជាជនជិត ១,៥ ពាន់លាននាក់ និងសេដ្ឋកិច្ចកើនឡើងយ៉ាងលឿនក្នុងរង្វង់ជាង៦ភាគរយ ប្រទេសឥណ្ឌាកំពុងបោះជំហានយ៉ាងឆាប់រហ័សក្នុងការកា្លយជាគោលដៅវិនិយោគអចលនទ្រព្យឧស្សាហកម្មដ៏លេចធ្លោមួយក្នុងតំបន់អាសុីប៉ាសុីហ្វិក។
ជាមួយគ្នានេះ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងមានភាពមិនប្រាកដប្រជា បណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ បណ្តាក្រុមហ៊ុនផលិតកម្មបានព្យាយាមធ្វើពិពិធកម្មមូលដ្ឋាននៃការផលិតរបស់ពួកគេទៅកាន់ប្រទេសនានា ដែលក្នុងនោះ ក៏រួមមានឥណ្ឌាផងដែរ៕ប្រភព: Reuters៕







