វៀតណាម​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​​ជាប់គាំង​ក្នុង​គម្រោង​អចលនទ្រព្យ​តម្លៃ១០០ពាន់​លាន​ដុល្លារអាមេរិក

0

ដោយ: សហសេវិក
អន្តរជាតិ: ការពន្យារពេលក្នុងការអភិវឌ្ឍគម្រោងអចលនទ្រព្យរាប់ពាន់នៅទូទាំងប្រទេសវៀតណាមកំពុងធ្វើឱ្យធនធានហិរញ្ញវត្ថុយ៉ាងច្រើនស្ថិតក្នុងភាពជាប់គាំង ដោយសារបញ្ហាឧបសគ្គផ្លូវច្បាប់ និងនីតិវិធី។

យោងតាមក្រសួងសំណង់វៀតណាមបានឱ្យដឹងថា បច្ចុប្បន្ន មានគម្រោងអចលនទ្រព្យប្រមាណ ២.៩៩១ កំពុងជាប់គាំង ដែលមានតម្លៃទុនវិនិយោគសរុបជិត ១០០ពាន់លានដុល្លារ។ តួលេខនេះតំណាងឱ្យធនធានដ៏ច្រើនសន្ធឹកសន្ធាប់ដែលមិនទាន់ត្រូវបានកៀរគរដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

អនុរដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Van Sinh បានអះអាងថា ការសាងសង់គម្រោងជាច្រើននៅតែជាប់គាំងក្នុងបញ្ហាផ្លូវច្បាប់ ឬត្រូវបានទុកចោលពាក់កណ្តាលទី។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ ដើម្បីដោះស្រាយបញ្ហាកកស្ទះទាំងនេះ។ លទ្ធផលបឋមបង្ហាញថា គម្រោងចំនួន៩២៦ ដែលមានដើមទុនសរុបប្រហែល ៣០ ពាន់លានដុល្លារ ត្រូវបានដោះស្រាយរួចហើយ។

នៅឆ្នាំ២០២៦ អាជ្ញាធរពាក់ព័ន្ធបានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ឧបសគ្គសម្រាប់គម្រោងជាប់គាំងដែលនៅសេសសល់។ ការវាយតម្លៃបឋមបង្ហាញថា ក្នុងចំណោមគម្រោងជាង ២០០០ ដែលមិនទាន់ដោះស្រាយ មានគម្រោងប្រហែល២៤៨ ទាក់ទងនឹងបញ្ហាដីធ្លី។

ជាមួយគ្នានេះ គម្រោងចំនួន៤៧៩ ពាក់ព័ន្ធនឹងបទប្បញ្ញត្តិផ្លូវច្បាប់ក្រោមអំណាចរបស់រដ្ឋសភា និង គម្រោងចំនួន២០៨ ស្ថិតនៅក្នុងយុត្តាធិការរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងក្រសួងនានា៕ប្រភព: Vietnamnet៕

LEAVE A REPLY

Please enter your comment!
Please enter your name here