តម្លៃផ្ទះនៅទីក្រុងធំៗចំនួន២ របស់ប្រទេសអូស្ត្រាលីធ្លាក់ចុះក្នុងខែមីនា ខណៈធនាគារកណ្តាល RBA រឹតបន្តឹងគោលនយោបាយរូបិយវត្ថុ

0

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅក្នុងទីក្រុងធំៗចំនួនពីររបស់ប្រទេសអូស្ត្រាលី រួមមានទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន បានធ្លាក់ចុះក្នុងខែមីនា ដោយសារការកើនឡើងនៃថ្លៃដើមលើការខ្ចីប្រាក់ បានជះផលប៉ះពាល់ដល់លទ្ធភាពទិញផ្ទះ។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality បានបញ្ជាក់ថា តម្លៃផ្ទះនៅទីក្រុងស៊ីដនីបានធ្លាក់ចុះ០,១ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុងមែលប៊នបានធ្លាក់ចុះ០,២ភាគរយ ស្របពេលការដេញថ្លៃធ្លាក់ចុះ និងការកើនឡើងនៃការចុះបញ្ជីដាក់លក់ផ្ទះ។

ផ្ទុយទៅវិញ តម្លៃផ្ទះនៅទីក្រុង Perth មានភាពរីកចម្រើនខ្លាំង ដោយសម្រេចបានកំណើនក្នុងរង្វង់២,៥ភាគរយ ខណៈដែលតម្លៃផ្ទះនៅទីក្រុង Brisbane និងទីក្រុង Adelaide បានកើនឡើងជាង១ភាគរយ។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality លើកឡើងថា «​តម្រូវការ​កំពុងចាប់ផ្តើមបង្ហាញសញ្ញាថយចុះ ដោយសារការ​កើនឡើង​បន្ថែម​ទៀត​នៃ​​ថ្លៃដើម​រស់នៅ និង​អត្រា​ការប្រាក់ រួម​ជាមួយ​នឹង​ការ​ធ្លាក់ចុះ​នៃ​ទំនុកចិត្ត ​ខណៈ​ជម្លោះ​នៅ​តំបន់មជ្ឈិមបូព៌ា​បន្ត​អូសបន្លាយ ។

កាសែត Bloomberg Intelligence រំពឹងថា ការកើនឡើងនៃតម្លៃផ្ទះរយៈពេល៣ឆ្នាំកន្លងមក នៅទីក្រុងស៊ីដនីនឹងបិទបញ្ចប់នៅឆ្នាំនេះ ដោយក្រុមអ្នកវិភាគព្យាករណ៍ថា តម្លៃផ្ទះនឹងធ្លាក់ចុះ១ភាគរយ បណ្តាលមកពីការរឹតបន្តឹងអត្រាការប្រាក់ចុងក្រោយរបស់ធនាគារកណ្តាលអូស្ត្រាលី។

ធនាគារកណ្តាលអូស្ត្រាលី (RBA) បានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុសម្រាប់កិច្ចប្រជុំចំនួន២លើកជាប់ៗគ្នាគិតត្រឹមខែមីនា ហើយត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់ជាលើកទី៣ នៅក្នុងខែឧសភា ដែលធ្វើឱ្យអត្រាការប្រាក់ពី៤,១ភាគរយដល់៤,៣៥ភាគរយ ដើម្បីទប់ស្កាត់អតិផរណា៕ ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here