រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំប្រកួតអុំទូកផ្កាចារ ទូកនាគ និងទូកងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ

0

ដោយៈ ម៉ាណា

    សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ដើម្បីពង្រឹងសមត្ថភាពកីឡាកអុំទូក និងឈានទៅរៀបចំការប្រកួតអន្តរជាតិ ក្នុងខេត្ត រដ្ឋបាលខេត្តនឹងរៀបចំការប្រកួតអុំទូកផ្កាចារ ទូកនាគ និងទូកង រយៈពេល២ថ្ងៃ ថ្ងៃទី១៤-១៥ មេសា​ ២០២៦។

យោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តបានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ រដ្ឋបាលខេត្តនឹងរៀបចំសៀម​រាបសង្ក្រាន្ត ដោយមានកម្មវិធីប្រពៃណីជាច្រើន ក្នុងនោះដែរ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាអុំទូក រដ្ឋបាលខេត្តសៀមរាបសហការជាមួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងវិស័យឯកជន រៀបចំការប្រកួតអុំទូកផ្កាចារ ទូកនាគ និងទូកង រយៈពេល២ថ្ងៃ(១៤-១៥ មេសា​ ២០២៦) ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដែលមានចំនួន៤ក្រុមស្មើនឹង ១២០នាក់(សូទ្រនិគម១ក្រុម ស្រុកពួក១ក្រុម និងក្រុងសៀមរាប ២ក្រុម)។

ការរៀបចំពង្រឹងសមត្ថភាពនេះ ក៏ដើម្បីត្រៀមសហការជាមួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជារៀបចំការប្រកួតកីឡាអុំទូកអន្តរជាតិ នៅក្នុងខេត្តសៀមរាបនាពេលខាងមុខ។

ដើម្បីឱ្យការការប្រកួតអុំទូកខាងលើ មានភាពអធិកអធម សូមបងប្អូនចូលរួមទស្សនាកម្សាន្ត ឱ្យបានច្រើនកុះករ នៅតាមបណ្តោយស្ទឹងសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here