តើគម្រោងសាងសង់អគារខ្ពស់បំផុតរបស់ពិភពលោក មានឈ្មោះថា Jeddah Tower សម្រេចបានវឌ្ឍនភាពដល់ណា?

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: គម្រោងសាងសង់អគារខ្ពស់បំផុតរបស់ពិភពលោក មានឈ្មោះថា អគារ Jeddah Tower ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កំពុងសម្រេចបានវឌ្ឍនភាពយ៉ាងឆាប់រហ័ស ហើយត្រូវបានគេរំពឹងថា នឹងឈានដល់ជាន់ទី១០០ ក្នុងពេលឆាប់ៗនេះ។

អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Adrian Smith និង Gordon Gill។ នៅពេលសាងសង់រួច អគារ Jeddah Tower នឹងឡើងដល់កម្ពស់ជាងមួយគីឡូម៉ែត្រ ។

អគារ Jeddah Tower នឹងក្លាយជាអគារខ្ពស់បំផុតនៅលើពិភពលោក ដោយវ៉ាដាច់អគារ Burj Khalifa ក្នុងទីក្រុងឌូបៃ មានកម្ពស់៨២៩,៨ម៉ែត្រ ដែលជាអគារដែលខ្ពស់ជាងគេបំផុតនាពេលបច្ចុប្បន្ន។

ការសាងសង់អគារនេះបានឈានដល់ជាន់ទី៩៥ ហើយ ហើយការសាងសង់កំពុងដំណើរការយ៉ាងលឿន។ នៅពេលដែលអគារកាន់តែខ្ពស់ ជាន់នីមួយៗនឹងកាន់តែមានទំហំតូចជាងមុន ដែលជួយឱ្យកម្មករអាចសាងសង់ជាន់បានលឿនជាងមុន។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ អគារ Jeddah Tower នឹងឈានឡើងដល់ជាន់ទី១០០។

ក្រុមហ៊ុន Gordon Gill បានអះអាងថា ពុំទាន់មានតួលេខផ្លូវការណាមួយសម្រាប់ចំនួនជាន់សរុបពិតប្រាកដនៅឡើយទេ ។ប៉ុន្តែ អគារនេះនឹងមានជាង១៣០ជាន់ ហើយនឹងមានកម្ពស់ជាង៣.២៨១ហ្វីត (មួយគីឡូម៉ែត្រ)។

ក្រុមហ៊ុន Gill បានបន្ថែមថា កាលបរិច្ឆេទបញ្ចប់ការសាងសង់អគារខ្ពស់កប់ពពកនេះ ស្ថិតនៅខែសីហា ឆ្នាំ២០២៨៕ប្រភព: Newsweek៕


ចែករំលែក