ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកគាំទ្រយ៉ាងពេញលេញក្នុង វិស័យទេសចរណ៍កម្ពុជា

ចែករំលែក

    ដោយៈ ម៉ាណា

    ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ Emirates Airlinesបានបង្ហាញការគាំទ្រពេញលេញ និងជម្រុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាស លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកFahad Al Hassawi ប្រធានតំណាងក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងណែនាំអំពីសមាសភាពថ្នាក់ដឹកនាំប្រចាំប្រទេសកម្ពុជា ព្រមទាំងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងកម្ពុជា និងក្រុមហ៊ុន ស្តីពីការចូលរួមគាំទ្ររបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបនេះ លោក Fahad Al Hassawi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនចូលជួបពិភាក្សាការងារ និងបានជម្រាបជូននូវព័ត៌​មានបច្ចុប្បន្នភាពសង្ខេប អំពីប្រតិបត្តិការរបស់ក្រុមហ៊ុន ព្រមទាំងបានណែនាំសមាសភាពប្រតិភូ និងការតែងតាំងអ្នកគ្រប់គ្រងថ្មីជាផ្លូវការរបស់ក្រុមហ៊ុនEmirates Airlines ប្រចាំប្រទេសកម្ពុជា។

បន្ថែមពីលើនេះ លោកក៏បានស្នើសុំអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ ដើម្បីឱ្យក្រុមហ៊ុន អាចចូលរួមចំណែកកាន់តែសកម្ម ក្នុងការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសតាមរយៈការពង្រឹងការតភ្ជាប់តាមផ្លូវអាកាស តាមរយៈជើងហោះហើរត្រង់ របស់ក្រុមហ៊ុនពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រយ៉ាងពេញទំហឹង ដល់វិស័យទេសចរណ៍កម្ពុជា និងសន្យាពង្រឹងការតភ្ជាប់ផ្លូវអាកាសពីកម្ពុជា ទៅកាន់តំបន់មជ្ឈឹមបូព៌ា ដើម្បីតភ្ជាប់ទៅកាន់ពិភពលោកទាំងមូល។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Emirates Airlines ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាស និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរពីគ្រប់ទិសទីមកកាន់កម្ពុជា។

ទន្ទឹមនឹងនេះ លោកបានស្នើឱ្យក្រុមហ៊ុន បន្តកិច្ចសហការផ្សព្វផ្សា​យទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោកបន្ថែមទៀត តាមរយៈការផលិតវីដេអូខ្លីៗ ការរៀបចំដំណើរកម្សាន្តសិក្សា (FAM Trip) និងការផ្សព្វផ្សាយវីដេអូ តាមបណ្តាញផ្សព្វផ្សាយនានារបស់ក្រុមហ៊ុន។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុនEmirates Airlines នៅតែបន្តរក្សាការតភ្ជាប់ជើងហោះហើរប្រចាំថ្ងៃ ពីទីក្រុងឌូបៃមកកាន់រាជធានីភ្នំពេញ សរុបចំនួន៧ ជើងចូល និង៧ជើងចេញ ក្នុងមួយសប្តាហ៍។ ចំពោះប្រតិបត្តិការជើងហោះហើរ តភ្ជាប់មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលមានសរុបចំនួន៦ជើង (៣ ជើងចូល និង ៣ ជើងចេញ) ក្នុងមួយសប្តាហ៍។

ក្រុមហ៊ុនអាកាសចរណ៍Emirates ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៥ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក ក្នុងខណៈដែលកម្ពុជា និងសហព័ន្ធអារ៉ាប់រួម មានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយគ្នាយ៉ាងយូរអង្វែង ចាប់តាំងពីឆ្នាំ១៩៩៤មកម្ល៉េះ៕


ចែករំលែក