ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងទេសចរណ៍ និងស្ថានទូតសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ដ៏ល្អ និងប្រកបដោយផ្លែផ្កាឱ្យកាន់តែសកម្ម និងជ្រាលជ្រៅបន្ថែមទៀត។
លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវÜlkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវ បានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នាទីស្តីការក្រសួង។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការគាំទ្រ ដល់ស្ថានទូតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍កន្លងមក ដែលបាននាំមកនូវសមិទ្ធផលសំខាន់ៗ និងគួរជាទីមោទនៈ អាចសម្រេចបាន ក្នុងអំឡុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្ម និងពុំចេះនឿយហត់របស់លោកជំទាវ ក្នុងការពង្រឹងពង្រីកព្រូនជ្រុំចំណងការទូត និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងប្រកបដោយផ្លែផ្កាខ្ពស់លើគ្រប់វិស័យ ជាពិសេសក្នុងវិស័យទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគីយ៉េ។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការតភ្ជាប់ការហោះហើរត្រង់ រវាងទីក្រុងអ៊ីស្តាន់ប៊ុល និងរាជធានីភ្នំពេញក្នុងអាណត្តិទូតលោកជំទាវ ពិតជាសមិទ្ធិផលជាប្រវត្តិសាស្ត្រ និងបានចូលរួមយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទាំងក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិ ការតភ្ជាប់កម្ពុជាទៅកាន់ច្រកទ្វារពិភពលោក និងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនតួកគី និងពិភពលោកទាំងមូល។
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៩ ហើយកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ត្រូវបានពង្រឹង តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨។
ក្នុងឆ្នាំ២០២៥ កន្លងទៅ មានភ្ញៀវទេសចរតួកគីមកទស្សនាកម្ពុជាជិត១១.០០០នាក់ ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ មានចំនួនជិត៤.៧០០នាក់ ពោលបានកើនឡើងជិត១៦% ដែលបង្ហាញពីនិន្នាការកើនឡើងជាបន្តបន្ទាប់ និងជាផ្លែផ្កាជាក់ស្តែងពីវត្តមានជើងហោះហើរត្រង់រវាងទីក្រុងអ៊ីស្តាន់ប៊ុល និងរាជធានីភ្នំពេញ ខេត្តសៀមរាប៕








