ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា វិស័យទេសចរណ៍ ជាវិស័យងាយរងផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយ និងអវិជ្ជមាន ដែលទាមទារការឆ្លើយតប ឱ្យបានទាន់ពេលវេលា សកម្ម និងប្រកបដោយប្រសិទ្ធិភាព។
លោកបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងពង្រឹងការងារទំនាក់ទំនងសាធារណៈ និងព័ត៌មានក្នុងគោលបំណង (១)បន្ពពង្រឹង និងដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗ សម្រាប់ ក្រុមការងារចំនួន៤ មានក្រុមអ្នកនាំពាក្យ ក្រុមការងារ influencers, ក្រុមការងារMedia ក្រុមការងារបរិវត្តកម្មឌីជីថល(២) ពង្រឹងសង្គតិភាពនិងសុខដុមនីយកម្មនៃក្រុមការងារ និង (៣) ពង្រឹងប្រសិទ្ធភាពការងារជាលក្ខណៈជវភាពជាប្រព័ន្ធតែមួយ ដោយបានវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមកន្លងមក ការឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងា របន្តលើបញ្ហាប្រឈមថ្មីៗ ចំពោះមុខ។
ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការងារទំនាក់ទំនងសាធារណៈនិងព័ត៌មាន គឺត្រូវតែពង្រឹងឱ្យមានភាពប្រទាក់ក្រឡាជាប្រព័ន្ធតែមួយ និងមានកិច្ចសហការឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសការត្រៀមខ្លួនរួចជាស្រេច ជាលក្ខណៈបុរេសកម្ម សកម្ម និងជាប់ជាប្រចាំ នៅក្នុងសមរភូមិព័ត៌មានទេសចរណ៍ ដោយ “ចាក់ទឹកថ្លា ក្នុងទឹកល្អក់”។
ក្នុងន័យនេះ យើងត្រូវយកចិត្តទុកដាក់ទាំងលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត ព្រមទាំងការឆ្លើយតបនិងវាយបក ឱ្យបានទាន់ពេលវេលា ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធិភាពខ្ពស់។
បន្ថែមពីនេះ ក្នុងកិច្ចប្រជុំវឌ្ឍនភាពក្រុមការងារបណ្តាញ លោក រដ្ឋមន្ត្រី បានណែនាំឱ្យតាមដានឱ្យទាន់បុរេសកម្ម និងសកម្មចំពោះបញ្ហាប្រឈមមុខ ជាពិសេសបញ្ហាទេសចរណ៍ ក្នុងបរិបទពិភពលោក ដែលកំពុងជួបប្រទះនឹងស្ថានភាពសង្គ្រាម និងការរំខាននានា។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការតាមដាន និងឆ្លើយតបចំពោះការលាបពណ៌ ពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអវិជ្ជមាន ដែលប៉ះពាល់ដល់កិត្តិនាមកម្ពុជា រួមទាំងអត្ថបទមួយចំនួនដែលបានប្រើប្រាស់ពាក្យ “scambodia”។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការងារក្រុមអ្នកនាំពាក្យ ត្រូវកំណត់វិធានការជាក់លាក់ ឱ្យស្របតាមគោលការណ៍បុរេសកម្ម សកម្ម អន្តរសកម្ម និងប្រតិកម្ម។
ពាក់ព័ន្ធនឹងការងារមេឌៀរ និងInfluencers ត្រូវពង្រឹងសមត្ថភាព ជំនាញAI ដើម្បីឆ្លើយតបនឹងនិន្នាការថ្មី របស់បច្ចេកវិទ្យាដែលវិវត្តឥតឈប់ឈរ និង រិតចំណងជិតស្និទ្ធជាមួយ ក្រុមអ្នកផលិតមាតិកាព័ត៌មាន។
ជាមួយគ្នានេះ លោកហួត ហាក់ បានសង្កត់ធ្ងន់ដល់ក្រុមការងារបរិវត្តកម្មឌីជីថល ត្រូវបន្តពន្លឿនការងារ Visit App Cambodia, Visit Cambodia Web site, ពង្រឹងការងារ Hotline 1221, ជំរុញលំហូរចរន្តឯកសាររដ្ឋបាល តាមប្រព័ន្ធបច្ចេកវិទ្យា និងបង្កើតMedia Server សម្រាប់ផ្ទុកទិន្នន័យ រូបភាព និងវីដេអូជារួមរបស់ក្រសួងទេសចរណ៍ផងដែរ៕






