ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះ ផ្តោតលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) ក្នុងឱកាសដំណើរបេសកកម្មការងារ នៅព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ។
ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ មានទស្សនៈរួមគ្នាថា វិស័យទេសចរណ៍ជាវិស័យគន្លឹះ ដែលជួយសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាង កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

ភាគីទាំងពីរ ក៏បានឯកភាពសហការ ឱ្យបានជាក់ស្តែង និងស៊ីជម្រៅបន្ថែមទៀត ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិន ការផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិនទៅវិញទៅមកឱ្យកាន់តែច្រើនឡើង និងសកម្មក្នុងឆ្នាំ២០២៦ ថ្មី និងស្របតាមកិច្ចខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ស្ថានទូតចិនប្រចាំកម្ពុជា វិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ពោលនៅក្នុងអំឡុងពេលនៃរដូវកាលបៃតងនៅកម្ពុជា)៕







