ដោយៈ ចំណាន
ភ្នំពេញៈ តស់មកសាកថ្មជីវិត ក្នុងរដូវកាលបៃតងនៅកម្ពុជា! ៦គួរ ទស្សនាកម្ពុជានៅរដូវកាលបៃតង គឺ១). គួរចង់ឃើញ, ២).គួរស្នាក់នៅ, ៣). គួរភ្លក្ស, ៤). គួរទស្សនា, ៥). គួរសាកល្បង និង៦). គួរទិញ។
ដោយទទួលបានគោលការណ៍អនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកជាផ្លូវការ “យុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតងឆ្នាំ២០២៦” ក្រោមបរិយាកាសដ៏អធិកអធម ស្និទ្ធស្នាលនិងសប្បាយរីករាយ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
តាងនាមមហាគ្រួសារវិស័យទេសចរណ៍ លោករដ្ឋមន្ត្រី បានយកឱកាសដ៏ប្រពៃថ្លៃថ្លានេះ សូមគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត គោពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ក្នុងការដាក់ចេញនូវយុទ្ធនាការ “រដូវកាលបៃតង” (Green Season) ជំនួសឱ្យពាក្យ “រដូវកាលភ្ញៀវតិច”ឬ (Low Season) ចាប់ពីខែឧសភា ដល់ខែតុលា, និងបានឯកភាពផ្តល់សន្ទុះថ្មី ដល់ការបន្តអនុវត្តយុទ្ធនាការរដូវកាលបៃតង សម្រាប់ឆ្នាំ២០២៦នេះ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការបំប្លែងរដូវកាល “Green Season” មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។

លោកហួត ហាក់បានបញ្ជាក់ថា “រដូវកាលនេះ គឺជារដូវកាលដែលកម្ពុជាបញ្ចេញនូវ សម្រស់ពិតប្រាកដរបស់ខ្លួន ជាមួយនឹងភាពស្រស់បំព្រងនៃធម្មជាតិ ពណ៌បៃតងខ្ចី និងបរិយាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ អេកូទេសចរណ៍ និងការលំហែកាយដើម្បីសុខុមាលភាព”។
លោកបានគូសបញ្ជាក់បន្ថែមថា យុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” មានចក្ខុវិស័យសំខាន់ៗ ចំនួន៣គឺទី១). ការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ទី២). ជំរុញចលនាទេសចរណ៍ក្នុងស្រុក និងទី៣) ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែម ចរន្តទេសចរក្នុងរដូវកាលបៃតង ពីខែឧសភា ដល់ខែតុលា សំដៅជំរុញកម្ពុជា ឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ (Year Round Destination)។
លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋក្រោមម្លប់ នៃសុខសន្តិភាពពេញលេញ និងការចង្អុលបង្ហាញផ្លូវប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី យើងពិតជានឹងរួមគ្នាប្រែក្លាយរដូវកាលនេះ ឱ្យទៅជា “រដូវកាលមាសពណ៌បៃតង” ដែលពោរពេញទៅដោយភាពរស់រវើក ស្នាមញញឹមការបង្កើតការងារ និងការស្រូបយកកំណើនសេដ្ឋកិច្ច យ៉ាងពិតប្រាកដ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍ វិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន៕









