ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋាភិបាលនៃប្រទេសស្វីសគ្រោងរឹតបន្តឹងច្បាប់លើការទិញអចលនទ្រព្យដោយជនបរទេស ស្របពេលមានការព្រួយបារម្ភអំពីកង្វះខាតលំនៅឋាននៅក្នុងប្រទេសរបស់ខ្លួន។នេះបើយោងតាមការចុះផ្សាយដោយកាសែត Reuters។
ស្វីសគ្រោងធ្វើវិសោធនកម្មច្បាប់ “Lex Koller” ដែលដាក់កម្រិតកម្មសិទ្ធិរបស់ជនបរទេសលើការទិញអចលនទ្រព្យ ហើយនឹងធ្វើការពិគ្រោះយោបល់លើផែនការនេះរហូតដល់ពាក់កណ្តាលខែកក្កដាខាងមុខ។
យោងតាមសំណើទាំងនេះ ពលរដ្ឋនៃប្រទេសមិនមែនជាសមាជិកនៃសហភាពអឺរ៉ុប ឬសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប នឹងត្រូវស្នើសុំលិខិតអនុញ្ញាតដើម្បីទិញលំនៅឋាន ហើយត្រូវរស់នៅឱ្យបាន២ឆ្នាំសិន មុនលក់ចេញវិញ ប្រសិនបើពួកគេចាកចេញពីប្រទេសស្វីស។
សំណើទាំងនេះក៏មានការគិតគូរពីការហាមឃាត់ជនបរទេសពីការទិញអចលនទ្រព្យពាណិជ្ជកម្មសម្រាប់តែការជួល ឬការវិនិយោគផងដែរ។ ការទិញផ្ទះវិស្សមកាល(holiday home) នឹងត្រូវបានទប់ស្កាត់ដោយការកាត់បន្ថយកូតាអនុញ្ញាត និងការរឹតបន្តឹងច្បាប់លក់ចេញវិញ(resale)។

កម្រិតស្តង់ដារជីវភាពរស់នៅខ្ពស់របស់ប្រទេសស្វីស បរិយាកាសធុរកិច្ចរឹងមាំ និងកំណើនការងារ បានទាក់ទាញជនអន្តោប្រវេសន៍កាន់តែច្រើន ដែលបង្កើនការព្រួយបារម្ភថា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈអាចទទួលរងសម្ពាធ។
នៅក្នុងខែមិថុនាខាងមុខ ស្វីសនឹងមានការរៀបចំធ្វើប្រជាមតិ ដោយអ្នកបោះឆ្នោតនឹងសម្រេចចិត្តលើសំណើមួយដើម្បីកំណត់ចំនួនប្រជាជនឱ្យនៅក្រោមចំនួន១០លាននាក់នៅត្រឹមឆ្នាំ២០៥០៕ប្រភព: Reuters៕







