ស្វីសគ្រោងរឹតបន្តឹងច្បាប់លើការទិញអចលនទ្រព្យដោយជនបរទេស ស្របពេលមានការព្រួយបារម្ភអំពីកង្វះលំនៅឋាន

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋាភិបាលនៃប្រទេសស្វីសគ្រោងរឹតបន្តឹងច្បាប់លើការទិញអចលនទ្រព្យដោយជនបរទេស ស្របពេលមានការព្រួយបារម្ភអំពីកង្វះខាតលំនៅឋាននៅក្នុងប្រទេសរបស់ខ្លួន។នេះបើយោងតាមការចុះផ្សាយដោយកាសែត Reuters។

ស្វីសគ្រោងធ្វើ​វិសោធនកម្ម​ច្បាប់​ “Lex Koller” ដែល​ដាក់កម្រិត​កម្មសិទ្ធិ​របស់​ជនបរទេស​លើ​ការទិញអចលនទ្រព្យ​ ហើយ​នឹង​ធ្វើការ​ពិគ្រោះ​យោបល់​លើ​ផែនការនេះរហូតដល់​ពាក់កណ្តាល​ខែកក្កដាខាងមុខ។

យោងតាមសំណើទាំងនេះ ពលរដ្ឋនៃប្រទេសមិនមែនជាសមាជិកនៃសហភាពអឺរ៉ុប ឬសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប នឹងត្រូវស្នើសុំលិខិតអនុញ្ញាតដើម្បីទិញលំនៅឋាន ហើយត្រូវរស់នៅឱ្យបាន២ឆ្នាំសិន មុនលក់ចេញវិញ ប្រសិនបើពួកគេចាកចេញពីប្រទេសស្វីស។

សំណើ​ទាំងនេះ​ក៏​មាន​ការ​គិតគូរ​ពី​ការ​ហាមឃាត់​ជនបរទេស​ពី​ការ​ទិញ​អចលនទ្រព្យ​ពាណិជ្ជកម្ម​សម្រាប់​តែ​ការ​ជួល ឬ​ការ​វិនិយោគ​ផងដែរ។ ការ​ទិញ​ផ្ទះ​វិស្សមកាល​(holiday home) នឹង​ត្រូវ​បាន​ទប់ស្កាត់​ដោយ​ការ​កាត់បន្ថយ​កូតា​អនុញ្ញាត​ និង​ការ​រឹតបន្តឹង​ច្បាប់​លក់​ចេញវិញ(resale)។

កម្រិតស្តង់ដារជីវភាពរស់នៅខ្ពស់របស់ប្រទេសស្វីស បរិយាកាសធុរកិច្ចរឹងមាំ និងកំណើនការងារ បានទាក់ទាញជនអន្តោប្រវេសន៍កាន់តែច្រើន ដែលបង្កើនការព្រួយបារម្ភថា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈអាចទទួលរងសម្ពាធ។

នៅក្នុងខែមិថុនាខាងមុខ ស្វីសនឹងមានការរៀបចំធ្វើប្រជាមតិ ដោយអ្នកបោះឆ្នោតនឹងសម្រេចចិត្តលើសំណើមួយដើម្បីកំណត់ចំនួនប្រជាជនឱ្យនៅក្រោមចំនួន១០លាននាក់នៅត្រឹមឆ្នាំ២០៥០៕ប្រភព: Reuters៕


ចែករំលែក