ទំនុកចិត្តវិនិយោគិនចំពោះទីផ្សារអចលនទ្រព្យនៅតំបន់អាសុីប៉ាសុីហ្វិកថយចុះ ក្នុងបរិបទនៃជម្លោះនៅមជ្ឈិមបូព៌ា

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE អះអាងថា ទំនុកចិត្តរបស់បណ្តាវិនិយោគិនចំពោះទីផ្សារអចលនទ្រព្យនៅតំបន់អាសុីប៉ាសុីហ្វិកបានថយចុះ ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

ការស្ទង់មតិរបស់ក្រុមហ៊ុន CBRE បានបង្ហាញថា បច្ចុប្បន្ន បណ្តាអ្នកវិនិយោគមានការប្រុងប្រយ័ត្នជាងកាលពី៦ខែមុន ដោយភាពតានតឹងខាងភូមិសាស្ត្រនយោបាយត្រូវបានគេមើលឃើញថា ជាកង្វល់ធំបំផុតសម្រាប់រយៈពេល៦ខែបន្ទាប់។

ទោះជាយ៉ាងណា ស្ថានភាពនៅតែមានភាពល្អប្រសើរជាងឆ្នាំ២០២៣ នៅពេលដែលតំបន់នេះទើបតែងើបចេញវិញពីជំងឺរាតត្បាត។ ទីផ្សារមួយចំនួនក៏នៅតែមានភាពវិជ្ជមានផងដែរ ដោយសារតម្រូវការរឹងមាំ ហើយសកម្មភាពជួលមានស្ថិរភាព។

ការស្ទង់មតិ ដែលធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែមីនា បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាបានចាប់ផ្តើម បានប្រមូលទស្សនៈពីឈ្មួញជើងសាអចលនទ្រព្យ និងអ្នកវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន CBRE នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

បណ្តាវិនិយោគិនភាគច្រើនផ្តោតលើអគារការិយាល័យដែលមានគុណភាពខ្ពស់នៅក្នុងទីតាំងសំខាន់ៗ។ តម្រូវការត្រូវបានជំរុញដោយលក្ខខណ្ឌជួលដ៏រឹងមាំ ខណៈក្រុមហ៊ុននានាងាកទៅរកការិយាល័យដែលមានគុណភាពខ្ពស់ ហើយការផ្គត់ផ្គង់ការិយាល័យថ្មីនៅមានកំណត់។

ក្រុមហ៊ុន CBRE ក៏បានរកឃើញផងដែរថា ការិយាល័យកម្រិត A នៅតំបន់កណ្តាលទីក្រុង ជាជម្រើសវិនិយោគដ៏ពេញនិយមបំផុត។ ចំនួនប្រហែល៥៩ភាគរយនៃអ្នកចូលរួមការស្ទង់មតិបានលើកឡើងថា អតិថិជនរបស់ពួកគេបានបង្ហាញចំណាប់អារម្មណ៍ខ្លាំងបំផុតចំពោះអចលនទ្រព្យទាំងនេះ៕ប្រភព: Edgeprop៕


ចែករំលែក