កម្ពុជានឹងរៀបចំFAM TRIPទៅកាន់ប្រទេសអេស្បាញ អឺរ៉ុប និងអាមេរិកឡាទីន

ចែករំលែក

ដោយៈ ចំណាន

ភ្នំពេញៈ កម្ពុជាគ្រោងផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជានឹងទៅដល់ប្រជាពលរដ្ឋអេស្ប៉ាញ អឺរ៉ុប និងទ្វីបអាម៉េរិកឡាទីន តាមរយៈ FAM Trip របស់ក្រុមហ៊ុនទេសចរណ៍អេស៉្បាញដ៏ធំ Avasa Travel Group ។

តបតាមការគោរពអញ្ជើញរបស់អ្នករៀបចំ FAM Trip លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបពិភាក្សាការ​ងា​រជាមួយប្រតិភូ FAM Trip ជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន Avasa Travel Group ពីប្រទេសអេស៉្បាញ និងលោក លោកស្រីជាប្រធានក្រុមហ៊ុនទេសចរណ៍ធំៗ ពីប្រទេសអេស៉្បាញ អឺរ៉ុប និងពីទ្វីបអាម៉េរិកឡាទីន នៅសណ្ឋាគារ Rosewood។

ក្នុងជំនួបដ៏សំខាន់ដល់ការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជាដល់ប្រទេសអេស្ប៉ាញ អឺរ៉ុប និងអាម៉េរិកឡាទីន លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមប្រតិភូ ដែលបានចាប់អាម្មរណ៍ពីសក្តានុពលទេសចរណ៍ កាលានុវត្តភាពវិនិយោគ និងជួយបន្តផ្សព្វផ្សាយពីព័ត៌មានពិតជាក់ស្តែងដែលបានជួបក្នុងអំឡុងទស្សនកិច្ចនេះដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនប្រតិភូទាំងអស់ពីសក្តានុពលទេសចរណ៍ ដ៏សំបូរបែបរបស់ប្រទេសកម្ពុជា ដែលជាទីផ្សារកំពុងរះយ៉ាងចិញ្ចែងចិញ្ចាច កត្តាសុខសន្តិភាព ស្ថិរភាពនយោ​បាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ការអភិវឌ្ឍន៍លើគ្រប់វិស័យពិសេស គឺហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ទឹក និងអាកាស ការស្នាក់នៅ និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ល្បីល្បាញ “ស្នាមញញឹមកម្ពុជា” ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ការធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែម ពីយន្តការលើកទឹកចិត្ត និងផ្តល់អាទិភាពផ្តល់ជូន ដល់វិនិយោគិនបរទេស ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា៕


ចែករំលែក