ដោយៈ ម៉ាណា
ពោធិ៍សាត់ៈ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយវិស័យឯកជន បន្តជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្រិតខ្ពស់ក្នុងខេត្តពោធិ៍សាត់ តាមរយៈដំណើរទស្សនកិច្ចសិក្សានៅរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort។
ព័ត៌មាននេះត្រូវបានលើកឡើងក្នុងឱកាស រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ និងក្រុមការងារវិស័យឯកជនបានចុះទស្សនាការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort គឺជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀត និងជាតម្លៃបន្ថែមខ្ពស់សម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល ពោលគឺក្រុមហ៊ុនបានចូលរួមថែរក្សា និងអភិរក្សសក្តានុពលធនធានធម្មជាតិបានយ៉ាងស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របតាមទស្សនាទាន “ការអភិរក្ស បម្រើឱ្យការអភិវឌ្ឍ ការអភិវឌ្ឍ បម្រើឱ្យការអភិរក្ស”។
ក្នុងដំណើរបេសកកម្មនេះ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយលោកខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សា និងពិនិត្យស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែងនៅរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort ដែលជារមណីយដ្ឋានទេសចរណ៍កែច្នៃដ៏ស្រស់ស្អាតក្នុងទឹកដីខេត្តពោធិ៍សាត់។
ការវិនិយោគនេះ គឺជាស្នាដៃ និងគំនិតច្នៃប្រឌិតរបស់វិនិយោគិនខ្មែរ ដែលបង្ហាញពីសក្តានុពលរបស់វិស័យឯកជននៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយគុណភាព និងនិរន្តរភាព ក្រោមទិសស្លោក “ខ្មែររួមគ្នា ខ្មែរខ្លាំង”។
ដំណើរទស្សនកិច្ចនេះ ក៏បានឆ្លុះបញ្ចាំងពីការបន្តជំរុញនូវចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍កម្រិតខ្ពស់ និងទេសចរណ៍សុខុមាលភាពនៅកម្ពុជា ស្របនឹងដំណើរទស្សនកិច្ចសិក្សារបស់លោកហួត ហាក់ កន្លងមកទៅកាន់កោះទទឹង រីស្សត ក្នុងខេត្តកោះកុង ដែលបានបង្ហាញពីសក្តានុពលដ៏ធំធេងនៃទេសចរណ៍ធម្មជាតិ ទេសចរណ៍ប្រណិតនៅតំបន់ឆ្នេរ និងតំបន់អេកូទេសចរណ៍របស់កម្ពុជា។
ការរីកចម្រើននៃរមណីយដ្ឋានទេសចរណ៍បែបនេះ បានបង្ហាញពីការកើនឡើងនៃការវិនិយោគ លើវិស័យទេសចរណ៍ប្រកបដោយគុណភាព ដែលផ្តោតលើបទពិសោធន៍ ភាពឯកជន សុខុមាលភាព និងការរស់នៅជិតស្និទ្ធជាមួយធម្មជាតិ។
គណៈប្រតិភូបានចុះពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅលើរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort រួមមាន វីឡាលំហែប្រណិត កន្លែងហាត់ប្រាណ និងយូហ្គា អាងហែលទឹក កសិដ្ឋានដំណាំធម្មជាតិ និងភោជនីយដ្ឋាន ដែលត្រូវបានរៀបចំតាមលក្ខណៈស្តង់ដាខ្ពស់ សម្រាប់បម្រើតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានវិនិយោគ និងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ប្រណិត មានសក្តានុពលខ្ពស់ ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងចូលរួមលើកកម្ពស់មុខមាត់ វិស័យទេសចរណ៍កម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ តំណាងសមាគមក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា រួមមាន CATA, CTF និង PATA ព្រមទាំងអ្នកផលិតមាតិកាជាតិ និងអន្តរជាតិ សរុបប្រមាណ ៧០នាក់។
រមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort មានវីឡាឯកជនចំនួន៣២ ដែលត្រូវបានរចនាឡើង សម្រាប់ភាពឯកជន ផាសុកភាព និងការតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ ភ្ញៀវទេសចរ អាចរីករាយ ជាមួយបទពិសោធន៍សុខុមាលភាព ការទទួលទានអាហារដ៏មានជីវជាតិ ផ្លូវដើរក្នុងព្រៃ ទឹកជ្រោះ កសិដ្ឋានដំណាំធម្មជាតិ និងដំណើរកម្សាន្តខាងក្រៅ ដែលមានមគ្គុទ្ទេសក៍នាំផ្លូវ អមដោយសម្រស់នៃតំបន់ភ្នំក្រវាញលាតត្រដាងដោយធម្មជាតិ។
រីស្សតនេះ ក៏បានចូលរួមគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ការងារ និងការបណ្តុះបណ្តាលជំនាញ ព្រមទាំងកម្មវិធីសិក្សាភាសាអង់គ្លេស ដើម្បីលើកស្ទួយចំណេះដឹង និងបង្កើនសមត្ថភាពប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យរីកចម្រើនជាមួយវិស័យទេសចរណ៍របស់កម្ពុជា៕







