ដោយៈ និស្ស័យ
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិ៧ ប៉ែកខាងជើង (ចាប់ពីខេត្ដក្រចេះទៅ ត្រពាំងក្រៀល ខេត្ដស្ទឹងត្រែង)។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងលោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់លោកប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា ជាមួយ លោកជំទាវ ចុង ជៀ ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ដោយមានការចូលរួមពីសំណាក់មន្ដ្រី នៃស្ថានទូតចិនប្រចាំកម្ពុជានិងមន្រ្តីពាក់ព័ន្ធ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៧ ប៉ែកខាងជើងនេះ មានប្រវែងសរុប៩៦,៦៣គម ដែលនឹងត្រូវលើកកម្រិតឡើងវិញ ដោយក្រាលបេតុងកៅស៊ូAC និងបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នានា។
កំណាត់ផ្លូវជាតិលេខ៧ នេះជាខ្សែផ្លូវមានសក្ដានុពល បម្រើដល់វិស័យឡូជីស្ទីក ដែលជួយដល់កំណើនសេដ្ឋកិច្ច និងការតភ្ជាប់នៅក្នុងតំបន់ភូមិភាគឦសាន ជាពិសេសតភ្ជាប់ទៅកាន់ព្រំដែនអន្ដរជាតិកម្ពុជា-ឡាវ (ត្រពាំងក្រៀល-ណងណុកខៀន)៕







