ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានបើកកិច្ចប្រជុំលើកដំបូង នៃគណៈកម្មាធិការដឹកនាំ និងសម្របសម្រួល(Project Steering Committee)សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នៅកម្ពុជា(CRCI)។
កិច្ចប្រជុំនេះដឹកនាំដោយលោកហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញជួបប្រជុំលើកដំបូង នៃគណៈកម្មាធិការដឹកនាំ និងសម្របសម្រួល(Project Steering Committee) សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់នៅព្រះរាជាណាចក្រកម្ពុជា(CRCI) ក្រោមក្របខ័ណ្ឌហិរញ្ញប្បទាន ពីធនាគារពិភពលោក ជាមួយតំណាងក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និងតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងសមាជិក-សមាជិកាអង្គភាពគ្រប់គ្រងគម្រោង ផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យ លើវឌ្ឍនភាពការងារគម្រោង ការដោះស្រាយលើបញ្ហាមួយចំនួន លើការងាររៀបចំផែនការថវិកា ការងារផ្នែកលទ្ធកម្ម ការងារផ្នែកហិរញ្ញវត្ថុ និង ផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត ធ្វើយ៉ាងណាពន្លឿនការងារគម្រោងប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕







