ដោយៈ និស្ស័យ
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
កិច្ចប្រជុំនេះដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជនតំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀត ក្នុងវិស័យសុខាភិបាល ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលខាងមុខនេះ។
កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន ១. បញ្ហានៃការវាស់វែងដីធ្លីជាប្រព័ន្ធ។ ២. បញ្ហានៃការទទួលបានប្លង់បន្ទាប់ពីការវាស់វែងរួច។ ៣. ការទិញអចលនទ្រព្យរបស់ជនបរទេស ៤. ការផ្តល់សញ្ជាត្តិជូនជនបរទេស តាមរយៈការទិញអចលនទ្រព្យ។ ៥.បញ្ហានៃការមិនដាក់ប្រភេទដីនៅលើប្លង់និង ៦. ការចាត់ថ្នាក់គម្រោងសំណង់បុរីលំនៅឋាន រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕








