ដោយៈ ចំណាន
ភ្នំពេញៈ ការសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស គឺជាកិច្ចការអាទិភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពពេញចិត្តជូនភ្ញៀវទេសចរ។
លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួងសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (ឬហៅកាត់ថា “គ.អ.ច.ទ.”)ក្នុងគោលបំណងដើម្បីបង្ហាញសមាសភាពអនុប្រធាន សមាជិក សមាជិកា នៃគ.អ.ច.ទ. ស្តាប់របាយការណ៍អំពីវឌ្ឍនភាពការងារ សម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារ ព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ។
កិច្ចប្រជុំក៏បាននិងពិនិត្យ ពិភាក្សា ក្តាប់បញ្ហាប្រឈម និងសំណូមពរនានា សំដៅស្វែងរកដំណោះស្រាយ ដែលពាក់ព័ន្ធនឹងការសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ នៅតាមច្រកទ្វារ ព្រមទាំងពិភាក្សាលើការសម្របសម្រួល ក្នុងការអនុវត្តសាកល្បង ការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិនរយៈពេល៤ខែ នៅឆ្នាំ២០២៦ នេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ គោរពជូនសម្ដេចមហាបវរធិតបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាពសមាសភាព គ.អ.ច.ទ. ថ្មី ព្រមទាំងបានគូសបញ្ជាក់ផងដែរថា គ.អ.ច.ទ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីសម្រួលការធ្វើដំណើរចូល-ចេញរបស់ភ្ញៀវទេសចរ តាមរយៈការផ្តល់ភាពកាន់តែងាយស្រួលកាត់បន្ថយរបាំង មិនចាំបាច់ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរចេញ-ចូល លុបបំបាត់ ក៏ដូចជាបោសសម្អាតភាពអសកម្មទាំងឡាយ ដែលនាំឱ្យប៉ះពាល់និងរំខានដល់ការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរ ជាពិសេសដោះស្រាយរាល់ពាក្យបណ្ដឹងរបស់ភ្ញៀវទេសចរ ទាក់ទងនឹងបញ្ហាដែលកើតមានឡើងនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស៕







