រដ្ឋ​មន្រ្តី​លើក​ឡើង​ពី​សារ​សំខាន់​នៃ​ការ​សម្រប​សម្រួល​ការ​ឆ្លង​កាត់​របស់​ភ្ញៀវ​ទេសចរណ៍​នៅ​តាម​ច្រក​ទ្វារ​ព្រំ​ដែន​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ការសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេ​សចរ និងអ្នកដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារ​អន្តរ​ជាតិទូទាំងប្រទេស គឺជាកិច្ចការអាទិភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពពេញចិត្តជូនភ្ញៀវទេសចរ។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួងសម្រប​សម្រួល​ការ​ធ្វើដំ​ណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅ​តំបន់ច្រកទ្វារ​ព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (ឬហៅកាត់ថា “គ.អ.ច.ទ.”)ក្នុងគោលបំណងដើម្បីបង្ហាញ​សមា​ស​ភាពអនុប្រធាន សមាជិក សមាជិកា នៃគ.អ.ច.ទ. ស្តាប់រ​បាយកា​រណ៍អំពីវឌ្ឍនភាពការងារ សម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូន​ភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារ ព្រំដែនអន្តរជាតិ និង​ច្រក​ទ្វារអន្តរជាតិ។

កិច្ចប្រជុំក៏បាននិងពិនិត្យ ពិភាក្សា ក្តាប់បញ្ហាប្រឈម និងសំណូ​មពរនានា សំដៅស្វែងរកដំណោះស្រាយ ​ដែលពាក់ព័ន្ធនឹងការសម្រួ​ល​ការធ្វើដំណើររបស់ភ្ញៀវទេសចរ នៅតាមច្រកទ្វារ ព្រមទាំងពិភាក្សា​លើការសម្របសម្រួល ក្នុងការអនុវត្តសាកល្បង ការលើកលែង​ទិដ្ឋា​ការដល់ពលរដ្ឋចិនរយៈពេល៤ខែ នៅឆ្នាំ២០២៦ នេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណដ៏ខ្ពង់​ខ្ពស់ គោរពជូនសម្ដេចមហាបវរធិតបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យធ្វើបច្ចុប្បន្ន​ភាពសមាសភាព គ.អ.ច.ទ. ថ្មី ព្រមទាំងបានគូសបញ្ជាក់ផងដែរថា គ.អ.ច.ទ ត្រូវបានបង្កើតឡើងក្នុងគោលបំណង​ ដើម្បីសម្រួល​ការធ្វើ​ដំណើរ​ចូល-ចេញ​របស់ភ្ញៀវទេសចរ តាមរយៈការផ្តល់ភាពកាន់​តែ​ងាយ​ស្រួល​កាត់បន្ថយរបាំង មិនចាំបាច់​ដែលធ្វើឱ្យប៉ះពាល់ដល់ការ​ធ្វើដំណើរចេញ-ចូល លុបបំបាត់ ក៏ដូចជាបោសសម្អាត​ភាពអសកម្ម​ទាំងឡាយ ដែលនាំឱ្យប៉ះពាល់និងរំខានដល់ការធ្វើដំណើរ ​និងការដឹក​ជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរ ជាពិសេសដោះស្រាយរាល់​ពាក្យ​បណ្ដឹងរបស់ភ្ញៀវទេសចរ ទាក់ទងនឹងបញ្ហាដែលកើតមានឡើងនៅ​តាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស៕


ចែករំលែក