ដោយៈ ម៉ាណា
សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីមិនបានប្រើប្រាស់ ពន្ធលើចំណេញមូលធន ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូន។
កិច្ចប្រជុំនេះដឹកនាំដោយលោកលោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ សិក្ខាសាលានេះផ្តល់ជូនដល់អាជ្ញាធរ ស្រុក/ក្រុង សង្កាត់/ភូមិ និងតាមបណ្តាស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងជម្រុញដល់ការផ្សព្វផ្សាយបន្តជូនដល់ អ្នកជាប់ពន្ធ និងសាធារណជន ឱ្យកាន់តែយល់ច្បាស់ពីប្រភេទពន្ធទាំងនេះ សម្រាប់ជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ រៀបចំឡើងដោយសាខាពន្ធដារខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពី លោកប្រធានសាខាពន្ធដាខេត្តសៀមរាប តំណាងមន្ទីរដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ខេត្ត
នៅក្នុងសិក្ខាសាលាខាងលើ លោកអភិបាលរងខេត្ត បានធ្វើការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃសាខាពន្ធដារខត្តសៀមរាបទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងការប្តេជ្ញាចិត្តខ្ពស់ក្នុង ការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ រហូតសម្រេចបាននូវសមិទ្ធផលជោគជ័យ ដ៏ឧត្តុងឧត្តមគួរជាទីមោទនៈ។
ជាពិសេស តែងតែបំពេញការងារយ៉ាងលឿនឆាប់រហ័ស ប្រកបដោយឆន្ទៈមុះមុត និងមានភាពបុរេសកម្ម ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។

បន្ថែមពីលើនេះទៀត លោកអភិបាលរងខេត្តបានក៏បានស្នើដល់ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង-ស្រុក លោក អភិបាលនៃគណៈ-អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ទាំងអស់ បន្តការយកចិត្តទុកដាក់ខ្ពស់ ពង្រឹងកិច្ចសហការជាមួយសាខាពន្ធដារខេត្ត ក្នុងការជំរុញការប្រមូលពន្ធលើវិស័យអចលនទ្រព្យមានជាអាទិ៍ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធលើចំនេញមូលធន ពន្ធលើថ្លៃឈ្នួលអចលទ្រព្យ និងជំរុញការប្រមូលពន្ធដទៃទៀត។
បន្ទាប់ពីបានបញ្ចប់សិក្ខាសាលាខាងលើ លោកអភិបាលរងខេត្តមានជំនឿយ៉ាងមុតមាំថា សិក្ខាសាលា នាថ្ងៃនេះ នឹងផ្តល់នូវការយល់ដឹងថ្មីៗបន្ថែមទៀត ជាពិសេសនោះ គឺលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងវិស័យអចនទ្រព្យ ដើម្បីបន្តពង្រឹងកិច្ចសហការ នៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារឱ្យបានគ្រប់ចំនួន ឬលើសពីផែនការដែលបានកំណត់និយាយជារួម និងនិយាយដោយឡែក នៅសាខាពន្ធដារខេត្តសៀមរាប ឱ្យអស់សក្តានុពល និងចូលរួមផ្តល់សេវាសាធារណៈពាក់ព័ន្ធ ជូនដល់ប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើងថែមទៀត៕







