ដោយៈ ចំណាន
សៀមរាបៈ អាជ្ញាធរខេត្តសៀមរាបបានធ្វើ បទបង្ហាញចែករំលែកបទពិសោធលើប្រធានបទស្តីពី “សិក្សាស្វែងយល់ពីការអនុវត្តផែនការប្រើប្រាស់ដីក្រុងសៀមរាប និងផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ក្នុង ក្រុងសៀមរាប”។
បទបង្ហាញនេះធ្វើឡើងដោយ លោកនាក់ ណារ៉ុនអភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបទបង្ហាញចែករំលែកបទពិសោធន៍លើប្រធានបទស្តីពី “សិក្សាស្វែងយល់ពីការអនុវត្តផែនការប្រើប្រាស់ដីក្រុងសៀមរាប និងផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ក្នុង ក្រុងសៀមរាប” ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិត នៃសាលកវិទ្យាល័យភូមិន្ទកសិកម្មចំនួន១៦០នាក់ ស្រី ៨២នាក់ ដែលដឹកនាំដោយ លោកបណ្ឌិត ហោ សាណារ៉ា ព្រឹទ្ធបុរស មហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
លោកបានបន្តថា “កម្មវិធីនេះ គឺជាការបើកចំហ និងផ្ដល់កាលានុវត្តភាពថ្មីមួយដល់និសិ្សត ដើម្បីដកស្រង់យកបទពិសោធជាក់ស្តែង និងទទួលយកចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីជាទុកក្នុងការផ្សារភ្ជាប់ជាមួយនឹងការសិក្សានិងទ្រឹស្តី”។

លោកនាក់ ណារ៉ុនបានបន្ថែមថា លើសពីនេះទៅទៀត កម្មវិធីនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ដោយផ្តោត ទៅលើការពង្រឹងសមត្ថភាពធនធានមនុស្ស ឱ្យមានសមត្ថភាពបន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យ ក្លាយទៅជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងកម្មវិធីនេះមានការធ្វើបទបង្ហាញលើប្រធានបទចំនួន៣សំខាន់ៗរួមមាន ទី១ ការអភិវឌ្ឍ និងការរៀបចំក្រុងសៀមរាប ទី២-ការរៀបចំប្លង់ប្រើប្រាស់ដីតំបន់អង្គរទាំង១៤៤ភូមិ និងទី៣-ផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប៕








