ដោយៈ ចំណាន
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបនឹងសម្រេចយកដីតំបន់ការពារធម្មជាតិ ដោយសហគមន៍ទំហំជាង៩៣ម៉ឺនហិកតា មកគ្រប់គ្រងដោយក្រសួងបរិស្ថាន។
សម្រេចយកដីតំបន់ការពារធម្មជាតិ ដោយសហគមន៍ទំហំជាង ៩៣ម៉ឺនហិកតា មកគ្រប់គ្រងដោយក្រសួងបរិស្ថាន ត្រូវបានធ្វើឡើងតាមរយៈអនុក្រឹត្យចុះហត្ថលេខា ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ។
ក្រសួងបរិស្ថានបានឱ្យដឹងថា ដីតំបន់ការពារធម្មជាតិជាង៩៣ម៉ឺនហិកតា ដែលដកហូតពីសហគមន៍នេះ ស្ថិតនៅក្នុងខេត្តចំនួន២០។
លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាល ទាំងក្នុងនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការសម្រេចរបស់សម្តេចមហាបវរធិបតីនាពេលនេះ គឺបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់ របស់សម្តេចក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ហើយមិនមែនដាក់ចេញត្រឹមគោលនយោបាយនោះទេ តែបានដាក់ចេញនូវសកម្មភាពជាក់ស្តែង។
លោករដ្ឋមន្ត្រីបន្តថា ផ្តើមចេញពីការប្តេជ្ញាចិត្ត និងធ្វើសកម្មភាពជាក់ស្តែងនេះហើយ ទើបនៅពេលថ្មីៗនេះ កម្ពុជា បានជាប់លេខ១ ជាប្រទេស ដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុត នៅលើពិភពលោក តាមរយៈការសិក្សាស្រាវជ្រាវរបស់ U.S. News & World Report។

ប្រទេសកម្ពូជា មានការគ្រប់គ្រងតំបន់ការពារធម្មជាតិរហូតដល់៧៣តំបន់ និងមានផ្ទៃដីជាង៧លានហិកតា (ប្រមាណ៤១ភាគរយ នៃផ្ទៃដីប្រទេស) ដែលជាកត្តាធ្វើឱ្យព្រៃឈើ ត្រូវបានការពារ និងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរឹង សម្រាប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ។
ក្រសួងបរិស្ថាន បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធឬមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងសហគមន៍តំបន់ការពារធម្មជាតិ និងដៃគូសហការជាតិ និងអន្តរជាតិ រួមគ្នាដើម្បីវិស័យបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ត្រូវបានធានា ដើម្បីការរស់នៅប្រកបដោយចីរភាពស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងនោះតាមរយៈការពង្រឹង និងពង្រីកបន្ថែម ការអនុវត្ត “យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន” ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព៕







