រដ្ឋា​ភិបាល​សម្រេច​យក​ដី​តំបន់​ការពារ​ធម្មជាតិ​ជិត​១​លាន​ហិក​តា​មក​គ្រប់​គ្រង​ក្រោម​សេនាធិការ​ក្រសួង​បរិស្ថាន

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបនឹងសម្រេចយកដីតំ​បន់​​ការពារធម្មជាតិ ដោយសហគមន៍ទំហំជាង៩៣ម៉ឺនហិកតា មកគ្រប់គ្រងដោយក្រសួង​បរិ​ស្ថាន​។

សម្រេចយកដីតំ​បន់​​ការពារធម្មជាតិ ដោយសហគមន៍ទំហំជាង ៩៣ម៉ឺនហិកតា មកគ្រប់គ្រង​ដោយ​ក្រសួង​បរិ​ស្ថាន ត្រូវបានធ្វើឡើងតាមរយៈអនុក្រឹត្យចុះហត្ថលេខា ដោយសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ។

ក្រសួងបរិស្ថានបានឱ្យដឹងថា ដីតំបន់ការពារធម្មជាតិជាង៩៣ម៉ឺនហិកតា ដែលដក​ហូត​ពី​សហគមន៍នេះ ស្ថិតនៅក្នុងខេត្តចំនួន២០។

លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន​ឱ្យដឹងថា រាជរដ្ឋាភិបាល ទាំងក្នុងនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និង​រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុក​ដាក់​ខ្ពស់លើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការសម្រេចរបស់សម្តេចមហាបវរធិបតីនាពេលនេះ គឺបង្ហាញឱ្យ​ឃើញនូវការប្តេជ្ញាចិត្តខ្ពស់ របស់សម្តេចក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ហើយមិន​មែនដាក់ចេញត្រឹមគោលនយោបាយនោះទេ តែបានដាក់ចេញនូវសកម្មភាពជាក់ស្តែង។

លោករដ្ឋមន្ត្រីបន្តថា ផ្តើមចេញពីការប្តេជ្ញាចិត្ត និងធ្វើសកម្មភាពជាក់ស្តែងនេះហើយ ទើបនៅ​ពេលថ្មីៗនេះ កម្ពុជា បានជាប់លេខ១ ជាប្រទេស ដែលមានបរិស្ថានធម្មជាតិ​ដ៏ល្អបំផុត នៅលើ​ពិភព​លោក តាមរយៈការសិក្សាស្រាវជ្រាវរបស់ U.S. News & World Report។

ប្រទេសកម្ពូជា មានការគ្រប់គ្រងតំបន់ការពារធម្មជាតិរហូតដល់៧៣តំបន់ និង​មានផ្ទៃដីជាង៧លានហិកតា (ប្រមាណ៤១ភាគរយ នៃផ្ទៃដីប្រទេស) ដែលជាកត្តាធ្វើឱ្យ​ព្រៃ​ឈើ ត្រូវបានការពារ និងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរឹង សម្រាប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ។

ក្រសួងបរិស្ថាន បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចគ្រប់​ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធឬមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងសហគមន៍​តំបន់​ការពារធម្មជាតិ និងដៃគូសហការជាតិ និងអន្តរជាតិ រួមគ្នាដើម្បីវិស័យបរិស្ថាន និងធនធាន​ធម្ម​ជាតិនៅកម្ពុជា ត្រូវបានធានា ដើម្បីការរស់នៅប្រកបដោយចីរភាពស្របតាមគោលនយោបាយ​ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងនោះតាមរយៈការពង្រឹង និងពង្រីកបន្ថែម ការអនុវត្ត “យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន” ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព៕


ចែករំលែក