ទ្រព្យ​សម្បត្តិ​របស់​កំពូល​មហា​សេដ្ឋី​៣​រូប​នៅ​ឥណ្ឌូនេសុី​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទ្រព្យសម្បត្តិសរុបបញ្ចូលគ្នារបស់​មហាសេដ្ឋី​ឥណ្ឌូនេស៊ី​ ដែល​មាន​ទ្រព្យសម្បត្តិច្រើនបំផុត​ទាំង៣នាក់​បាន​ធ្លាក់​ចុះ​ពាក់​កណ្តាល​មក​នៅ​ត្រឹម ៤៣,៦ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ខណៈ​ទីផ្សារ​ភាគហ៊ុន​របស់​ប្រទេស​នេះ​បាន​ដាំក្បាល​ចុះ។

មហាសេដ្ឋី​មានជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​នេះ លោក Robert Budi Hartono អាយុ៨៦ឆ្នាំ បច្ចុប្បន្ន ​មាន​ទ្រព្យ​សម្បត្តិ​ចំនួន១៥,៧ពាន់​លាន​ដុល្លារ ដាំក្បាល​ចុះ៦៦ភាគរយបើធៀបនឹងចុង​ឆ្នាំ​មុន។

​តម្លៃ​ភាគហ៊ុនរបស់ធនាគារ Bank Central Asia ដែល​លោក​ Robert គ្រប់គ្រង បាន​ដាំក្បាលចុះ២៤ភាគរយ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​លោក​មាន​ចំណែកភាគហ៊ុន ដូចជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​លក់រាយ Blibli និង​ក្រុមហ៊ុន​ទូរគមនាគមន៍ Sarana Menara Nusantara បាន​ដាំក្បាល​ចុះ៣១ភាគរយ និង២៤ភាគរយរៀងៗ​គ្នា។

ចំណាត់ថ្នាក់ទីពីរបានទៅលើលោក Low Tuck Kwong អាយុ៧៨ឆ្នាំ។ ទ្រព្យសម្បត្តិរបស់លោកបានធ្លាក់ចុះ៣៤ភាគរយមកនៅត្រឹម១៤,៧ពាន់លានដុល្លារ។ ភាគហ៊ុនរបស់ក្រុមហ៊ុនរុករករ៉ែធ្យូងថ្ម Bayan Resource របស់លោកបានដាំក្បាលចុះ៣៨ភាគរយ។

លោក Kwong បានធ្វើការនៅក្នុងអាជីវកម្មសំណង់របស់ឪពុកលោកនៅប្រទេសសិង្ហបុរី មុនពេលផ្លាស់ទៅរស់នៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ១៩៧២ ដើម្បីស្វែងរកឱកាសកាន់តែប្រសើរ។ ដំបូងឡើយ លោកបានបង្កើតក្រុមហ៊ុនម៉ៅការសំណង់ Jaya Sumpiles Indonesia ក្នុងឆ្នាំ១៩៧៣ បន្ទាប់មកបានផ្លាស់ប្តូរទៅជាក្រុមហ៊ុនធ្យូងថ្ម ដោយទទួលបានសម្បទានរុករករ៉ែដំបូងនៅតំបន់ Kalimantan ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។

លោក Prajogo Pangestu អាយុ ៨៤ ឆ្នាំ ដែលជាបុរសមានបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំមុន បច្ចុប្បន្ន បានស្ថិតនៅលំដាប់ទី៣ ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន១៣,២ពាន់លានដុល្លារ ធ្លាក់ចុះ៦៧%។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Barito Pacific របស់លោកបានដាំក្បាលចុះ ៥៣%៕ប្រភព: Vnexpress៕


ចែករំលែក