ដោយៈ ម៉ាណា
ព្រះវិហារៈ ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ បានចុះពិនិត្យតាមដានវឌ្ឍភាពការងារគម្រោងអភិរក្សប្រាសាទ និងគម្រោងអភិវឌ្ឍន៍នានាក្នុងរមណីយដ្ឋានកោះកេរ។
ការចុះពិនិត្យនេះ ដឹកនាំដោយលោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំ នាយកដ្ឋានជំនាញចំណុះអាជ្ញាធរជាតិព្រះវិហារ បានចុះពិនិត្យវឌ្ឍនភាពគម្រោង ដែលកំពុងអនុវត្ត និងផែនការបន្តលើកិច្ចការងារជួសជុល តាមប្រាសាទក្នុងរមណីយដ្ឋានកោះកេរ។
តំបន់ត្រូវជួសជុលមានដូចជា៖ គម្រោងអភិរក្សប្រាសាទខ្នារ ត្រពាំងអង្គខ្នារ ប្រាសាទគោគគ្រង ប្រាសាទក្រចាប់ ប្រាសាទក្រហម(គម្រោងថវិកាឧបត្ថមដោយអង្គការ ALIPH នៃប្រទេសស្វីស) និងប្រាសាទប្រាំ។

បន្ថែមពីនេះ លោកក៏បានពិនិត្យពីគម្រោង ផែនការអភិវឌ្ឍន៍នានាក្នុងភូមិកោះកេរ និងសមិទ្ធិផលនានា ដែលបានអនុវត្តជិតរួចរាល់សម្រាប់បម្រើកិច្ចការស្នូល របស់អគ្គនាយកដ្ឋានអាជ្ញាធរជាតិព្រះវិហារប្រចាំរមណីយដ្ឋានកោះកេរ។
ក្រោយពីការត្រួតពិនិត្យ លោកគង់ ពុទ្ធិកាក៏បានផ្តល់នូវអនុសាសន៍បន្ថែមដល់មន្ត្រីនានា ដែលកំពុងអនុវត្តន៍គម្រោងឱ្យយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារ ដើម្បីទទួលបាននូវលទ្ធផល ដែលប្រសិទ្ធភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស៕








