ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមកំពុងឈានចូលដល់ដំណាក់កាលថ្មីមួយ ស្របពេលមានសញ្ញាបង្ហាញពីស្ថិរភាពនៃតម្លៃជួល និងការកើនឡើងនៃការផ្គត់ផ្គង់។
ការផ្គតផ្គង់អាផាតមុិននៅទីក្រុងឌូបៃមានចំនួនលើសពី១០.០០០យូនីតសម្រាប់រយៈពេល២ខែជាប់ៗគ្នា ខណៈដែលវីឡាប្រហែល១.៩០០យូនីតត្រូវបានប្រគល់ជូននៅក្នុងត្រីមាសទីមួយ។
ស្របពេលការផ្គត់ផ្គង់កើនឡើង កំណើននៃតម្លៃជួលបានចាប់ផ្តើមថយចុះ។ តម្លៃជួលអាផាតមុិនជាមធ្យមបានកើនឡើង២ភាគរយក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ខណៈតម្លៃជួលផ្ទះវីឡាបានស្ថិតនៅទ្រឹង។
ទីផ្សារការិយាល័យ ជាផ្នែកមួយក្នុងចំណោមផ្នែកដែលមានដំណើរការល្អបំផុត ដោយសារការផ្គត់ផ្គង់ការិយាល័យថ្នាក់ A នៅមានកម្រិត។ តម្រូវការនៅតែមានកម្រិតខ្ពស់ ខណៈក្រុមហ៊ុនអន្តរជាតិកាន់តែច្រើនពង្រីកប្រតិបត្តិការរបស់ពួកគេនៅទីក្រុងឌូបៃ។

សកម្មភាពជួលការិយាល័យដ៏រឹងមាំបង្ហាញថា ក្រុមហ៊ុសកលជាច្រើនកំពុងជ្រើសរើសទីក្រុងឌូបៃជាទីស្នាក់ការកណ្តាលក្នុងតំបន់របស់ពួកគេ។ នៅត្រីមាសទី១ ប្រតិបត្តិការជួលភាគច្រើន ជាការជួលការិយាល័យតូចៗ ដែលបង្ហាញពីតម្រូវការរឹងមាំពីអាជីវកម្មខ្នាតតូច និងមធ្យម និងក្រុមហ៊ុនថ្មីៗដែលឈានជើងចូលទីផ្សារ។
ដោយសម្លឹងមើលទៅមុខ ហានិភ័យនៅតែមានជុំវិញការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងផ្នែកលំនៅឋានមួយចំនួន និងការប្រែប្រួលភូមិសាស្ត្រនយោបាយ។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញអះអាងថា ចំណុចខ្លាំងរបស់ទីក្រុងឌូបៃ រួមទាំងស្ថិរភាពគោលនយោបាយ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងតួនាទីរបស់ទីក្រុងមួយនេះជាមជ្ឈមណ្ឌលធុរកិច្ចសកល នឹងបន្តជួយជំរុញតម្រូវការ៕ប្រភព: Khaleej Times៕







