រដ្ឋាភិបាល​គ្រោង​ប្រែ​ក្លាយ​ទី​ក្រុង​កោះ​រ៉ុង​ ជា​គោល​ដៅ​ទេស​ចរណ៍​លំដាប់​ពិភព​លោក​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ របស់រដ្ឋាភិបាល បានបើកកិច្ចប្រជុំពិនិត្យការស្នើ ការលើកទឹកចិត្តពិសេស លើកទី២៥ និងពិភាក្សាលើយុទ្ធសាស្ត្របើកទំព័រថ្មី នៃការអភិវឌ្ឍ“ក្រុ​ង​កោះរ៉ុង” ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។

ព័ត៌មាននេះ ត្រូវបានលើកឡើង ក្នុងឱកាសបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី២៥ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចចំនួន១៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

គម្រោងទាំងនេះ រួមមាន ជាអាទិ៍ គម្រោងរោងចក្រផលិត និង ផ្គុំដំឡើងឧបករណ៍បំពង់ខ្យល់ គម្រោងរោងចក្រផលិតក្តារប៉ាកេ គម្រោ​ងអគារពហុមុខងារ គម្រោងផ្សាររាត្រី គម្រោងរមណីយដ្ឋាន និង គម្រោងអគារពហុមុខងារ ក្រោមទុនវិនិយោគជាង៣៩លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ១០០០កន្លែង។

លោកបានមានប្រសាសន៍ថា “ការងារជំរុញវិនិយោគ ត្រូវធ្វើទន្ទឹមគ្នា ទាំងលើការពិនិត្យផ្តល់ការលើកទឹកចិត្តជាកញ្ចប់ និងទាំងលើការសម្រួលនីតិវិធី ការថែទាំវិនិយោគ ការប្រឹក្សាយោបល់ និងការសម្របសម្រួលផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់វិនិយោគិន”។

ក្រៅពីនេះ ក្រុមការងារត្រូវបន្តខិតខំប្រឹងប្រែង អនុវត្តន៍វិធានការនានារបស់រាជរដ្ឋាភិបាល រួមទាំងការបណ្តុះបណ្តាលជំនាញ ការជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និង ការតភ្ជាប់ឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ។

ជាមួយនេះ អង្គប្រជុំបានពិភាក្សាលើរបាយការណ៍ សិក្សាអំពីសក្តានុពល និងកាលានុវត្តភាពនៃការអភិវឌ្ឍកោះ តាមប្រទេសនានា និង កោះរ៉ុងក្នុងខេត្តព្រះសីហនុ ព្រមទាំងលទ្ធភាពដាក់ចេញវិធានការបន្ថែម និង/ឬយុទ្ធសាស្ត្រទាក់ទាញការវិនិយោគនៅកោះរ៉ុង ក្រោមវិសាលភាពកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើ​ម្បីប្រែក្លាយកោះរ៉ុង ជាគោលដៅទេសចរណ៍អន្តរជាតិ ដ៏សំខាន់មួយ ក្នុងពិភពលោក ដោយផ្តោតលើទេសចរណ៍ធម្មជាតិ បដិសណ្ឋារកិច្ចកម្រិតខ្ពស់ និង ទេសចរណ៍សុខភាព ។ល។

ក្រុងកោះរ៉ុង មានផ្ទៃដីសរុប១១,៣២៣,៨៩ ហិកតា មានឆ្នេរសរុបប្រមាណ៦១គីឡូម៉ែត្រ ក្នុងនោះប្រមាណ៤៣គីឡូម៉ែត្រ ជាឆ្នេរខ្សាច់ ដែលទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងបញ្ជីឆ្នេរល្អបំផុតទាំង ៥០ នៅលើពិភពលោក ប្រចាំឆ្នាំ២០២៦ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា បណ្ដាញផ្លូវ គម្រោងអាកាសយានដ្ឋានកម្រិត 4C និង បណ្តាញអគ្គិសនីក្រោមបាតសមុទ្រជាដើម ។

លោកហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា គោលដៅទេសចរណ៍កោះរបស់កម្ពុជា នៅមានសក្តានុពលវិនិយោគធំធេង ខណៈដែលភ្ញៀវទេសចរតាមបណ្ដាកោះ មានចំនួនកើនឡើងជាលំដាប់ ជាពិសេសភ្ញៀវមកពីអឺរ៉ុប។

លោកបានបន្ថែមថា “ស្ថានភាពនេះ ទាមទារឱ្យមានការគិតគូរទុកមុនឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញវិធានការជាក់លាក់ និង/ឬបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជំរុញសម្ទុះនៃការអភិវឌ្ឍកោះរ៉ុង ជាទីក្រុងទេសចរណ៍ ដែលមានភាពទាក់ទាញ និង បង្កើតតម្លៃបន្ថែមខ្ពស់ ព្រមទាំងចូលរួមទាក់ទាញវិនិយោគក្នុងខេត្តព្រះសីហនុ ការដោះស្រាយបញ្ហាអគារជាប់គាំង និងការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងទៀត”។

លោកបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និងឆន្ទៈខ្ពស់របស់ក្រុមការងារ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសវិនិយោគ នៅខេត្តព្រះសីហនុ ឱ្យកាន់តែប្រសើរ និងអាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្ត អនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

លោកបណ្ឌិតសភាចារ្យ បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និង អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ តាមរយ: ការរួមគ្នាដោះស្រាយបញ្ហាជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងការលើកស្ទួយស្មារតី “ឧត្តមនិយម” នៃផលប្រយោជន៌រួមជាចំបង ។

សម្រាប់ការងារចំពោះមុខ លោកបណ្ឌិតសភាចារ្យ បានលើកឡើងថា ស្ថានភាពវិវត្តថ្មីៗនេះ ទាំងក្នុងពិភពលោក និងក្នុងប្រទេស បានបង្កើតបញ្ហាប្រឈមផង និង កាលានុវត្តភាពផង ដូច្នេះ ពេលនេះ ជាងពេលណាៗ ដែលក្រុមការងារត្រូវខិតខំ ដោយបុរេសកម្ម និង សកម្ម​ជានិច្ច ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ដើម្បីរួមចំណែកលើកកម្ពស់ បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុឱ្យកាន់តែប្រសើរ សម្រាប់ការរួមចំណែកអភិវឌ្ឍសង្គម​-សេដ្ឋកិច្ចជាតិ៕


ចែករំលែក