“បុគ្គលិក​ម្នាក់​ជំនាញ​មួយ​ សេវា១ ​ស្តង់ដា១”​ យុទ្ធនាការ​ប្រែ​ក្លាយ​ខេត្ត​កំពង់​ធំ​ជា​ប៉ូល​ទេសចរណ៍​ថ្មី​

ចែករំលែក

ដោយៈ គង់ សូរិយា

    កំពង់ធំៈ  “បុគ្គលិកម្នាក់ ជំនាញមួយ” និង “សេវាមួយ ស្តង់ដាមួយ” គឺជាគន្លឹះក្នុងការលើកកម្ពស់គុណភាពទេសចរណ៍កម្ពុជា។នេះបើតាមការ លើកឡើងពីហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោកបានអំពាវនាវដល់សមាគម ក្នុងឧស្សាហកម្មទេសចរណ៍ គ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន បន្តពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីលើកកម្ពស់គុណភាពមូលធនមនុស្ស និងសេវាកម្មទេសចរណ៍ ស្របតាមទស្សនទាន “បុគ្គលិកម្នាក់ ជំនាញមួយ” និង “សេវាមួយ ស្តង់ដាមួយ” ដែលក្រសួងទេសចរណ៍បានដាក់ចេញ។

លោករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ចជាង២០០នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពស្នូលមួយ សម្រាប់វិស័យទេសចរណ៍ ដោយត្រូវជំរុញការបណ្តុះបណ្តាលជំនាញថ្មី និងការបង្កើនជំនាញ (Reskilling & Upskilling) ដល់បុគ្គលិកក្នុងវិស័យ ដើម្បីធានាបាននូវការផ្តល់សេវាកម្ម ប្រកបដោយគុណភាពខ្ពស់ ភាពកក់ក្តៅ និងវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះលោក វង្សី វិស្សុត ដែលបានផ្តល់ការគាំទ្រ និងអនុសាសន៍ជាប់ជាប្រចាំ សម្រាប់ការអភិវ​ឌ្ឍខេត្តកំពង់ធំ ជាពិសេសការដាក់ឱ្យប្រើប្រាស់ផែនការ អភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ ដែលនឹងជំរុញឱ្យខេត្តនេះក្លាយជាប៉ូលទេសចរណ៍ តភ្ជាប់ដ៏សំខាន់ទៅកាន់តំបន់សៀមរាប-អង្គរ និងតំបន់ជុំវិញបឹងទន្លេសាប។

លោកហួត ហាក់បានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងបន្តអនុវត្តយុទ្ធសាស្ត្រគន្លឹះទាំង៦ និងជំរុញយុទ្ធនាការ “ទស្សនាកម្ពុជានារដូវកាលបៃតង ឆ្នាំ២០២៦” ដោយផ្តោតលើការបង្កើនភ្ញៀវទេសចរអន្តរជាតិ ជំរុញទេសចរណ៍ក្នុងស្រុក និងពង្រាយលំហូរភ្ញៀវទេសចរពេញមួយឆ្នាំ សំដៅប្រែក្លាយកម្ពុជា ទៅជាគោលដៅទេសចរណ៍ដែលមានកំណើនពេញមួយឆ្នាំ (Year-Round Destination)។

ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រទាំងនេះ ការអភិវឌ្ឍមូលធនមនុស្សនៅតែជាអាទិភាពចម្បង តាមរយៈការលើកកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ និងផលិតភាពរបស់បុគ្គលិក ក្នុងវិស័យទេស​ចរណ៍ ដើម្បីធានាបាននូវសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រក​បដោយគុណភាពខ្ពស់ ស្តង់ដារ ភាពកក់ក្តៅ និងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕


ចែករំលែក