អរិយធម៌​ដែល​គេ​បំភ្លេច​ត្រូវ​បាន​ធ្វើ​ឲ្យ​រសឡើង​វិញ​តាម​រយៈ​ការ​ជួស​ជុល​ប្រសាទ​មេ​បុណ្យ​ខាង​លិច​

ចែករំលែក

ដោយៈ យី ស៊ីថា

    សៀមរាបៈ ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច ជាការស្តារ និងធ្វើឲ្យរសឡើងវិញនូវអរិយធ៌ម ដែលបានចាស់ទ្រុឌទ្រោម។

ជាក់ស្តែងក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិ​សាស្រ្តអង្គរ និងសំបូរព្រៃគុក ដែលដឹកនាំដោយលោកបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យគម្រោងការងារជួសជុលនៅប្រាសាទមេបុណ្យខាងលិច។

ក្នុងពេលនោះដែរ ក្រុមអ្នកជំនាញការខ្មែរ បានធ្វើបទបង្ហាញគម្រោងការងារផ្សេងៗដល់អ្នកជំនាញការអាដហុក ពាក់ព័ន្ធនឹងការជួសជុល អភិរក្ស ការរៀបចំវង់ទស្សនានៃប្រាសាទមេបុណ្យខាងលិច ដើម្បីទទួលបានការពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍បន្ថែម ដើម្បីឱ្យការងារអនុលោមតាមធម្មនុញ្ញអង្គរ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេ​កទេសកម្រិតអន្តរជាតិ។

នេះជាថ្ងៃបញ្ចប់ហើយ ដែលក្រុមអ្នកជំនាញការ ចុះពិនិត្យការងារនៅតាមការដ្ឋាននានា មុននឹងកិច្ចប្រជុំធំនៃគណៈកម្មាធិការអន្តរជាតិមួយនេះ រៀបចំធ្វើចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដែលជាកិច្ចប្រជុំបច្ចេកទេសលើកទី៤២។

ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ ក្រុមអ្នកជំនាញការអាដហុក បានចុះពិនិត្យការដ្ឋានមួយចំនួន ដូចជា ប្រាសាទបាគង ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទតាព្រហ្ម ប្រាសាទបក្សីចាំក្រុង បារាយណ៍ខាងកើត ប្រាសាទតាសោម រាជវាំងអង្គរធំ (ប្រាសាទភិមានអាកាស) ប្រាសាទតានៃ ប្រាសាទបាយ័ន ប្រាសាទភ្នំក្រោម ប្រាសាទអង្គរវត្ត និងចុងក្រោយប្រាសាទមេបុណ្យខាងលិច៕

អត្ថបទ: យី សុថា
រូបភាព: ភោគ ជា / ស៊ិន ប្រណី


ចែករំលែក