ទីផ្សារ​អចលនទ្រព្យ​នៅ​កោះ​បាលី​របស់​ឥណ្ឌូណេសុី​កំពុង​ស្រូប​ទាញ​បណ្តា​អ្នក​វិនិយោគ​លើស​ពី​គោលដៅ​ទេសចរណ៍

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាវិនិយោគិនបរទេសកំពុងវិនិយោគលើអចលនទ្រព្យនៅកោះបាលី ដោយសង្ឃឹមថានឹងទទួលបានផលចំណេញចាប់ពី១០ភាគរយ ទោះបីជាអាជ្ញាធររឹតបន្តឹងការត្រួតពិនិត្យលើការជួល និងរចនាសម្ព័ន្ធកម្មសិទ្ធិរបស់ជនបរទេសក្តី។

បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅលើកោះរបស់ប្រទេសឥណ្ឌូណេសុីមួយនេះកំពុងផ្សព្វផ្សាយគម្រោងរបស់ពួកគេ ដោយអះអាងថាអាចផ្តល់ផលចំណេញវិនិយោគចំនួន ១៧%។

បណ្តាអ្នកអភិវឌ្ឍន៍ជឿជាក់ថា កំណើននៃចំនួនភ្ញៀវទេសចរ ការធ្វើការងារពីចម្ងាយ និងការមករស់នៅរបស់ជនបរទេសមានទ្រព្យសម្បត្តិខ្ពស់ នឹងជួយរក្សាបាននូវប្រាក់ចំណេញ ទោះបីទីផ្សារអចលនទ្រព្យរបស់ប្រទេសទាំងមូលកំពុងធ្លាក់ចុះយ៉ាងណាក្តី។

លោក Zaq Qureshi អនុប្រធានក្រុមហ៊ុន Ayla Property ដែលមានមូលដ្ឋាននៅកោះបាលី បានអះអាងថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ ការងារពីចម្ងាយ និងការប្រែប្រួលភូមិសាស្ត្រនយោបាយ បានពង្រីកភាពទាក់ទាញរបស់កោះបាលីលើសពីគោលដៅទេសចរណ៍ ដោយទាក់ទាញវិនិយោគិនបរទេសជាច្រើន។

លោក​បាន​បន្ថែម​ថា រយៈពេលប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ជនជាតិ​រុស្ស៊ី អ៊ុយក្រែន និង​ជនជាតិ​អឺរ៉ុប​កាន់​តែ​ច្រើនបានហូរចូលមកកាន់កោះបាលី ដែល​ចាត់ទុក​កោះ​នេះ​ជា​ជម្រើស​ដ៏​ទាក់ទាញ​ក្នុង​គ្រា​មាន​ភាព​មិន​ប្រាកដប្រជា​ខាង​ភូមិសាស្ត្រ​នយោបាយ៕ប្រភព: Jakarta Post៕


ចែករំលែក