ដោយ: សហសេវិក
អន្តរជាតិ: បណ្តាវិនិយោគិនបរទេសកំពុងវិនិយោគលើអចលនទ្រព្យនៅកោះបាលី ដោយសង្ឃឹមថានឹងទទួលបានផលចំណេញចាប់ពី១០ភាគរយ ទោះបីជាអាជ្ញាធររឹតបន្តឹងការត្រួតពិនិត្យលើការជួល និងរចនាសម្ព័ន្ធកម្មសិទ្ធិរបស់ជនបរទេសក្តី។
បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅលើកោះរបស់ប្រទេសឥណ្ឌូណេសុីមួយនេះកំពុងផ្សព្វផ្សាយគម្រោងរបស់ពួកគេ ដោយអះអាងថាអាចផ្តល់ផលចំណេញវិនិយោគចំនួន ១៧%។
បណ្តាអ្នកអភិវឌ្ឍន៍ជឿជាក់ថា កំណើននៃចំនួនភ្ញៀវទេសចរ ការធ្វើការងារពីចម្ងាយ និងការមករស់នៅរបស់ជនបរទេសមានទ្រព្យសម្បត្តិខ្ពស់ នឹងជួយរក្សាបាននូវប្រាក់ចំណេញ ទោះបីទីផ្សារអចលនទ្រព្យរបស់ប្រទេសទាំងមូលកំពុងធ្លាក់ចុះយ៉ាងណាក្តី។

លោក Zaq Qureshi អនុប្រធានក្រុមហ៊ុន Ayla Property ដែលមានមូលដ្ឋាននៅកោះបាលី បានអះអាងថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ ការងារពីចម្ងាយ និងការប្រែប្រួលភូមិសាស្ត្រនយោបាយ បានពង្រីកភាពទាក់ទាញរបស់កោះបាលីលើសពីគោលដៅទេសចរណ៍ ដោយទាក់ទាញវិនិយោគិនបរទេសជាច្រើន។
លោកបានបន្ថែមថា រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជនជាតិរុស្ស៊ី អ៊ុយក្រែន និងជនជាតិអឺរ៉ុបកាន់តែច្រើនបានហូរចូលមកកាន់កោះបាលី ដែលចាត់ទុកកោះនេះជាជម្រើសដ៏ទាក់ទាញក្នុងគ្រាមានភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ៕ប្រភព: Jakarta Post៕







