អាជីវកម្មជាង៥៨០០០បានទទួលជោគជ័យចុះឈ្មោះអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

ចែករំលែក

ដោយៈ ចំណារ

    ភ្នំពេញៈ ​​រយៈ​ពេល​ជិត៦ឆ្នាំ​មកនេះ ​មាន​ម្ចាស់​អាជីវកម្ម​ជាង៥,៨ម៉ឺន ​ដែល​បាន​​ទទួល​ជោគ​ជ័យ ​លើ​ការ​​ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន​​(Single Portal)​។

ក្នុង​ចំណោមម្ចាស់អាជីវកម្ម​ទាំងអស់​នោះ គឺ​មាន​៣៦% មាន​ម្ចាស់​ជាស្រ្តី​។​

យោងតាមសេចក្តី​ប្រកាសព័ត៌មាន របស់គណៈ​កម្មាធិការសេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល ស្តីពី “ខួបគម្រប់៦ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច(E-Services for Business Ecosystem)” នា​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ច ត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់ ​ជាផ្លូវ​ការ​រយៈ​ពេល៦ឆ្នាំ​មក​ហើយ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបានប្រែខ្លួនដែលពីដំបូងត្រឹមជាប្រព័ន្ធចុះបញ្ជីអាជីវកម្ម ​តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Online Business Registration – OBR) ក្នុងទម្រង់ជាការ​ចុះបញ្ជីជាខ្សែច្រវាក់(Single Portal)។

ថ្នាលនេះអាចឱ្យធុរជន ស្នើសុំចុះបញ្ជីអាជីវកម្មជាកញ្ចប់រួម ដោ​យគ្របដណ្តប់ដល់សេវារបស់ក្រសួង ស្ថាប័នចំនួន៣ រួមមាន ការចុះបញ្ជីពាណិជ្ជកម្ម ដោយក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារដោយអគ្គនាយកដ្ឋានពន្ធដារ និងសេចក្តីប្រកាសជូនដំណឹង បើកសហគ្រាសដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្រព័ន្ធ Single Portal ត្រូវបានដាក់ឱ្យប្រើប្រាស់ជាដំណោះស្រាយឌីជីថល និង​ជួយសម្រួលដល់នីតិវិធី នៃការចុះបញ្ជីអាជីវកម្ម សំដៅចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ច និង​សេដ្ឋកិច្ចឌីជីថលក្នុងប្រទេសកម្ពុជាឱ្យកាន់​តែប្រសើរ តាមរយៈការជួយកាត់បន្ថយនីតិវិធី ពេលវេលា និង​កម្រៃក្នុងកម្រិតសមរម្យ។

យោង​តាម​គណៈ​កម្មាធិការសេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល បើ​គិតចាប់​ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ មក​ដល់​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦ គឺមាន​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​អាជីវកម្ម​ចំនួន​៥៨,០៨១ ដែល​ត្រូវ​បាន​អនុម័ត៕


ចែករំលែក