ដោយៈ ចំណារ
ភ្នំពេញៈ រយៈពេលជិត៦ឆ្នាំមកនេះ មានម្ចាស់អាជីវកម្មជាង៥,៨ម៉ឺន ដែលបានទទួលជោគជ័យ លើការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Single Portal)។
ក្នុងចំណោមម្ចាស់អាជីវកម្មទាំងអស់នោះ គឺមាន៣៦% មានម្ចាស់ជាស្រ្តី។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ស្តីពី “ខួបគម្រប់៦ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច(E-Services for Business Ecosystem)” នាថ្ងៃទី១៥ ខែមិថុនា បានឱ្យដឹងថា ប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ច ត្រូវបានដាក់ឱ្យប្រើប្រាស់ ជាផ្លូវការរយៈពេល៦ឆ្នាំមកហើយ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបានប្រែខ្លួនដែលពីដំបូងត្រឹមជាប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Online Business Registration – OBR) ក្នុងទម្រង់ជាការចុះបញ្ជីជាខ្សែច្រវាក់(Single Portal)។
ថ្នាលនេះអាចឱ្យធុរជន ស្នើសុំចុះបញ្ជីអាជីវកម្មជាកញ្ចប់រួម ដោយគ្របដណ្តប់ដល់សេវារបស់ក្រសួង ស្ថាប័នចំនួន៣ រួមមាន ការចុះបញ្ជីពាណិជ្ជកម្ម ដោយក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារដោយអគ្គនាយកដ្ឋានពន្ធដារ និងសេចក្តីប្រកាសជូនដំណឹង បើកសហគ្រាសដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ប្រព័ន្ធ Single Portal ត្រូវបានដាក់ឱ្យប្រើប្រាស់ជាដំណោះស្រាយឌីជីថល និងជួយសម្រួលដល់នីតិវិធី នៃការចុះបញ្ជីអាជីវកម្ម សំដៅចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ច និងសេដ្ឋកិច្ចឌីជីថលក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ តាមរយៈការជួយកាត់បន្ថយនីតិវិធី ពេលវេលា និងកម្រៃក្នុងកម្រិតសមរម្យ។
យោងតាមគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បើគិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦ គឺមានពាក្យស្នើសុំចុះបញ្ជីអាជីវកម្មចំនួន៥៨,០៨១ ដែលត្រូវបានអនុម័ត៕






