ដោយៈ ចំណាន
មីយ៉ាន់ម៉ាៈ នំបញ្ចុកខ្មែរបានបង្ហាញវត្តមាននៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា ស្របពេលលោកAung Naing Thu អភិបាលនៃគណៈអភិបាលតំបន់យ៉ាងហ្គូន បានភ្លក់ និងពេញចិត្តរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃ “នំបញ្ចុកខ្មែរ”។
នំបញ្ចុកជាម្ហូបប្រពៃណី និងជាអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ពិសេសមួយរបស់កម្ពុជា ហើយដែលស្រដៀង ជាមួយមុខម្ហូបដ៏ល្បីរបស់មីយ៉ាន់ម៉ា Mohinga។
ចំណាប់អារម្មរណ៍នេះ ពិតជាបានឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃម្ហូបអាហារខ្មែរ ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានផ្សារភ្ជាប់មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ ការជំរុញទេសចរណ៍ ប្រជាជន និងប្រជាជនរវាងកម្ពុជា និងមីយ៉ាន់ម៉ាដែលមានលក្ខណៈស្រដៀងគ្នាជាច្រើន ទាំងប្រវតិ្តសាស្រ្ត ភូមិសាស្រ្ត សាសនា ប្រពៃណីទំនៀមទំលាប់ បូជនីយដ្ឋានសក្ការៈ ម្ហូបអាហារ សក្តានុពលទេសចរណ៍បំពេញបន្ថែមគ្នា ឱ្យកាន់តែជ្រាលជ្រៅ និងស្និតរមួតបន្ថែមទៀត ដើម្បីសម្រេចដល់គម្រោង “ប្រទេសពីរ គោលដៅមួយ”។
កម្មវិធីទី១១ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន។
ជាមួយគ្នានេះ លោកហួត ហាក់រដ្ឋមន្រ្តីក្រសូងទេសចរណ៍បានធ្វើដំណើរទស្សនកិច្ច ស្វែងយល់ពីការគ្រប់គ្រង និងការរៀបចំតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងសាសនាដ៏ល្បីល្បាញនៅទីក្រុងយ៉ាងហ្គូន
ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងយ៉ាងហ្គួន។


លោកបានអញ្ជើញទស្សនកិច្ច ស្វែងយល់ពីការគ្រប់គ្រង ការរៀបចំ និងការអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តThe Secretariat or Secretariat Yangon និងបូជនីយដ្ឋានជាទីសក្ការៈវត្ត Shwedagon ដែលជាទីកន្លែងសក្ការៈបូជាដ៏សំខាន់ និងជាគោលដៅទេសចរណ៍វប្បធម៌ និងសាសនាដ៏ល្បីល្បាញបំផុតមួយ របស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន។
ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី បានស្វែងយល់អំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរ ការថែរក្សាសោភ័ណភាព បរិស្ថាន អនាម័យ និងការអភិរក្សបេតិកភណ្ឌសាសនា និងវប្បធម៌ ដែលបានធ្វើឱ្យទីតាំងទាំងពីរ ក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការរៀបចំ និងការគ្រប់គ្រងតំបន់ទេសចរណ៍ ប្រកបដោយរបៀបរៀបរយ ដែលរួមចំណែក លើកកម្ពស់បទពិសោធភ្ញៀវទេសចរ ការអភិរក្សអត្តសញ្ញាណវប្បធម៌ និងសាសនា ប្រវត្តិសាស្ត្រ ព្រមទាំងជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព៕







