ក្រុមហ៊ុន​ឈានមុខ​ផ្នែក​សេវាកម្ម​អាកាសចរណ៍​នៃ​ទីក្រុងឌូបៃ ​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្តានុពល​ និង​ពិចារណា​​ភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​មកកម្ពុជា

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុន Hadid International Services (HADID) ឈានមុខផ្នែកសេវាកម្ម អាកាសចរណ៍អន្តរជាតិពីទីក្រុងឌូបៃ ចាប់អារម្មណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជា ព្រមទាំងពិចារណាភ្ជាប់ជើងហោះហើរ របស់ខ្លួនមកប្រទេសកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងឱកាស លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Aida Ismail តំណាងក្រុមហ៊ុន និងជានាយិកាប្រចាំតំបន់ និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ការពង្រឹងការតភ្ជាប់ផ្លូវអាកាសរបស់ក្រុមហ៊ុនមកកាន់ប្រទេសកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបនេះ លោកស្រី Aida Ismailបានបង្ហាញអំពីប្រវត្តិ និងសកម្មភាពរបស់ក្រុមហ៊ុន Hadid Aviation ដែលជាក្រុមហ៊ុនឈានមុខផ្នែកសេវា គាំទ្រអាកាសចរណ៍អន្តរជាតិ ដែលបង្ហាញពីគោលបំណង ចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក តាមរយៈបណ្តាញដៃគូអន្តរជាតិ ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក៏ដូចជា ការស្វែងរកឱកាសពង្រីកសេវាកម្មអាកាសចរណ៍ ដូចជា Jet Charter និងMEDEVAC នៅកម្ពុជា។

បន្ថែមពីលើនេះ ក្រុមហ៊ុនក៏បានបង្ហាញ ពីគម្រោងផ្សព្វផ្សាយរឿងរ៉ាវ និងសក្តានុពលរបស់កម្ពុជា តាមរយៈការបោះពុម្ពសៀវភៅ និងការបកប្រែជាង៣០ ទៅ៥០ភាសា ដើម្បីឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែទូលំទូលាយផងដែរ។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាសពីតំបន់មជ្ឈិមបូព៌ា មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបានស្នើឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពរៀបចំដំណើរកម្សាន្តសិក្សា (FAM Trip) ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីសហព័ន្ធអារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ាមកកម្ពុជា ព្រមទាំងសិក្សាលទ្ធភាពបង្កើតជើងហោះហើរត្រង់ ឬជើងហោះហើរឯកជនបន្ថែម ជាពិសេសមកកាន់ខេត្តសៀមរាប និងជំរុញការអភិវឌ្ឍទេសចរណ៍VIP និង Business Aviation។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយវីដេអូ និងខ្លឹមសារអំពីសក្តានុពលទេសចរណ៍កម្ពុជា តាមបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន រួមទាំងShowroom បណ្តាញសង្គម និងអេក្រង់ក្នុងយន្តហោះ ក្នុងការចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាកម្ពុជា នារដូវបៃតង” រួមទាំងការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវមូស្លីម។

ឆ្នាំ២០២៦ គឺជាខួបលើកទី៣២ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអារ៉ាប់រួម ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងអាកាសចរណ៍។ នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥,៦ លាននាក់ ខណៈក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥ លាននាក់ ក្នុងនោះមានភ្ញៀវ មកពីតំបន់មជ្ឈិមបូព៌ាប្រមាណ១.២០០ នាក់ ដែលឆ្លុះបញ្ចាំងពីសក្តានុពលនៃទីផ្សារនេះ។

ក្រុមហ៊ុន Hadid Aviation មានទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃ ប្រទេសសហព័ន្ធអារ៉ាប់រួម និងមានបទពិសោធន៍ជាង៤០ឆ្នាំ ក្នុងការផ្តល់សេវាគាំទ្រអាកាសចរណ៍អន្តរជាតិ ដោយប្រតិបត្តិការនៅតំបន់អាហ្វ្រិក អាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងតំបន់ផ្សេងៗជាច្រើននៅលើពិភពលោក៕


ចែករំលែក