ដោយៈ ម៉ាលីនណា
ភ្នំពេញៈ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្វែងរកវិធានការគាំទ្រ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជា។
លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ជូនអង្គប្រជុំអំពីវឌ្ឍនភាពសំខាន់ៗ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក្នុងនោះក្រុមហ៊ុនបានរៀបចំផែនការអភិវឌ្ឍន៍ ដោយផ្តោតសំខាន់ លើការបណ្តុះបណ្តាលជំនាញ ទន្ទឹមនឹងការអភិវឌ្ឍជើងហោះហើរថ្មីៗ និងការបញ្ជាទិញយន្តហោះថ្មីៗបន្ថែម សម្រាប់ប្រតិបត្តិការហោះហើររបស់ក្រុមហ៊ុន។
ក្រុមមន្រ្តី បានយល់ស្របគ្នាលើវិធានការសំខាន់ៗ ក្នុងការអនុវត្តរយៈពេលខ្លី សម្រាប់ស្នើសុំការសម្រេចពីថ្នាក់ដឹកនាំ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ច និង វិស័យទេសចរណ៍ ក្នុងពិភពលោក តំបន់ និងកម្ពុជា៕







