ដោយៈ និស្ស័យ
ភ្នំពេញៈ កម្ពុជា និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) បន្តពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់ជើងហោះហើរត្រង់ និងសិក្សាពិនិត្យសំណើ សុំការលើកលែងទិដ្ឋាការទេសចរណ៍ដែលស្នើដោយភាគីUAE ដើម្បីជំរុញកំណើនភ្ញៀវទេសចរបន្ថែមទៀត។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពីវឌ្ឍនភាព កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដែលបានដាក់កាលពីខែឧសភា ឆ្នាំ២០២៥ កន្លងមក ព្រមទាំងផ្លាស់ប្តូរទស្សនៈស៊ីជំរៅ លើយន្តការជំរុញលំហូរភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងការតភ្ជាប់ផ្លូវអាកាស និងការសិក្សាពិនិត្យលទ្ធភាព លើសំណើសុំការលើកទិដ្ឋាការទេសចរណ៍ របស់ភាគី UAE នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបនេះ លោក Obaid Saeed Obaid Bintaresh Aldhaheri បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនចូលជួបពិភាក្សាការងារ និងពិនិត្យវឌ្ឍនាភាពរួមគ្នា លើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍កន្លងមក ជាពិសេសលើចំនួនភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិដែលធ្វើដំណើរ តាមក្រុមហ៊ុនអាកាសចរណ៍ Etihad Airlines ពីរដ្ឋធានី Abu Dhabi មកកាន់រាជធានីភ្នំពេញ កន្លងមក។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជននៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ដែលបានរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺការតភ្ជាប់តាមផ្លួវអាកាសដោយក្រុមហ៊ុនអាកាសចរណ៍ Etihad Airlines ពីរដ្ឋធានី Abu Dhabi មកកាន់រាជធានីភ្នំពេញ ចាប់តាំងពីចុងឆ្នាំ២០២៥ ដែលបានជួយតភា្ជប់កម្ពុជាទៅកាន់ច្រកទ្វារអន្តរជាតិ និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិ ធ្វើដំណើរដោយផ្ទាល់មកកាន់កម្ពុជា។
ក្នុងឱកាសនេះផងដែរ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស៊ីជំរៅបន្ថែមទៀត លើយន្តការទាក់ទាញភ្ញៀវទេសចរ ពីសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) និងតំបន់មជ្ឈិមបូព៌ាតែម្តង តាមរយៈការសិក្សាពិនិត្យលទ្ធភាពសំណើសុំ ការលើកលែងទិដ្ឋាការទេសចរណ៍ ដែលបានស្នើសុំពីភាគីមិត្តUAE៕







