ក្រុមហ៊ុនធំមួយសន្យាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ តាម Angkor App

ចែករំលែក

ដោយៈ ម៉ាណា

ភ្នំពេញៈ ក្រុមហ៊ុន X Capital Investment​ បេ្តជា្ញចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ តាមរយៈបច្ចេកវិទ្យាឌីជីថល Angkor App ផ្សារទំនិញកម្ពុជា និងការតាំងពិព័រណ៌ Angkor Smile។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងឱកាស លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Tong David អគ្គនាយកក្រុមហ៊ុន X Capital Investment Co., Ltd. និងជាប្រធានកិត្តិយសសមាគម ជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ លើការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការអភិវឌ្ឍទេសចរណ៍ឌីជីថល និងការជំរុញគម្រោងអាទិភាពរបស់ក្រុមហ៊ុន X Capital Investment ព្រមទាំងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើយន្តការជំរុញការផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា ការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនមកកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបនេះ លោក Tong David បានរាយការណ៍អំពីលទ្ធផលនៃការងាររបស់ក្រុមហ៊ុន X Capital Investment Co., Ltd. និងសមាគមលើការចូលរួមផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសការអនុវត្តគម្រោងពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ឌីជីថល ជាគម្រោងអាទិភាពរបស់ក្រុមហ៊ុន X Capital Investment ក្នុងការចូលរួមគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈគម្រោងសំខាន់ៗ ចំនួន៣ រួមមាន ការរៀបចំពិព័រណ៍ផ្សព្វផ្សាយកម្ពុជានៅប្រទេសចិន (Angkor Smile Exhibition) ការបង្កើតហាងទំនិញជាតិកម្ពុជានៅប្រទេសចិន (Cambodia National Shop) និងការអភិវឌ្ឍកម្មវិធីទូរស័ព្ទAngkor App ដើម្បីផ្តល់ព័ត៌មាន និងសេវាកម្មដល់ភ្ញៀវទេសចរ ដែលមានគោលបំណងផ្សព្វផ្សាយអរិយធម៌អង្គរ បេតិកភណ្ឌវប្បធម៌ ផលិតផលជាតិ និងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ តាមរយៈបច្ចេកវិទ្យាឌីជីថល ព្រមទាំងបានស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ ដើម្បីជំរុញការអនុវត្តគម្រោងទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ និងបានលើកទឹកចិត្តឱ្យបន្តជំរុញ ការអភិវឌ្ឍកម្មវិធីទេសចរណ៍ឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួលដល់អ្នកប្រើប្រាស់ ព្រមទាំងស្នើខាងភាគីក្រុមហ៊ុនបន្តផ្សព្វផ្សាយ ពីស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ។

ក្រុមហ៊ុន X Capital Investment ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ដោយផ្តោតលើការវិនិយោគ និងអភិវឌ្ឍគម្រោងលើវិស័យវប្បធម៌ ទេសចរណ៍ និងឌីជីថល ដែលបច្ចុប្បន្ន ក្រុមហ៊ុនកំពុងអនុវត្តគម្រោងអាទិភាពចំនួន៣ រួមមាន Angkor Smile Exhibition, Cambodia National Shop និង Angkor App ដែលមានគោលបំណងផ្សព្វផ្សាយអរិយធម៌អង្គរ បេតិកភណ្ឌវប្បធម៌ ផលិតផលជាតិ និងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ៕


ចែករំលែក