ដោយៈ នាង សំណាង
សៀមរាបៈ ក្រុមយុវជនជំនាន់ក្រោយ បាននិងកំពុងចាប់ផ្តើមសិក្សាស្វែងយល់ពីអរិយធ៌ម ដែលបានបាត់បង់ ដោយស្វែងយល់ពីអាថ៌កំបាំងប្រាសាទបុរាណ។
ការសិក្សាពីប្រវត្តិសិល្បៈ មិនត្រឹមតែជាការទស្សនាទស្សនីយភាពនៃសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសោគន្លឹះ ដ៏សំខាន់ក្នុងការបើកកកាយអាថ៌កំបាំង និងតម្រុយប្រវត្តិសាស្ត្រ នៃប្រាសាទនានា ដូចជាសម័យកាលនៃការសាងសង់ និងទម្រង់វិវត្តនៃស្ថាបត្យកម្មពីសម័យកាលមួយទៅសម័យកាលមួយ។
លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា ក្រៅពីទិន្នន័យអាយុកាល ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវតាមបែបបុរាណវិទ្យា ការសិក្សាប្រៀបធៀបទៅលើ “រចនាបថសិល្បៈ” របស់ប្រាសាទនីមួយៗ គឺជាវិធីសាស្ត្រគន្លឹះដែលជួយឱ្យអ្នកស្រាវជ្រាវអាចកំណត់ប្រវត្តិ នៃការសាងសង់របស់ប្រាសាទទាំងនោះបានយ៉ាងច្បាស់លាស់។
លោកបន្តថា “វិវត្តនៃរចនាបថសិល្បៈខ្មែរ ពីមុនសម័យអង្គរដល់សម័យអង្គរ បានបង្ហាត់បង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាល នៃកម្មវិធីអប់រំបេតិកភណ្ឌ ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង”។ លោកបញ្ជាក់ថា “ផ្អែកលើការសិក្សាកន្លងមក អ្នកជំនាញបានបែងចែករចនាបថសិល្បៈក្នុងសម័យបុរាណជា២ ដំណាក់កាលធំៗរួមមាន១៤ រចនាបថផ្សេងគ្នា”។
រចនាបទទាំងនោះរួមមាន – មុនសម័យអង្គរ (មាន៤រចនាបថ)៖រចនាបថភ្នំដា សំបូរព្រៃគុក ព្រៃក្មេង និងកំពង់ព្រះ។
– សម័យអង្គរ (មាន១០រចនាបថ)៖ រចនាបថគូលែន ព្រះគោ បាខែង កោះកេរ ប្រែរូប បន្ទាយស្រី ឃ្លាំង បាភួន អង្គរវត្តនិងបាយ័ន។

តើហេតុអ្វីបានជាត្រូវបែងចែករចនាបថសិល្បៈ? ពីព្រោះប្រាសាទបុរាណមួយចំនួនធំ ពុំមានបន្សល់ទុកសិលាចារឹក ដើម្បីប្រាប់យើងពីព័ត៌មានទូទៅនោះឡើយ។
តួយ៉ាង ប្រាសាទអង្គរវត្ត ដែលជាកំពូលស្ថាបត្យកម្មដ៏ធំស្កឹមស្កៃ ក៏ពុំមានសិលាចារឹកណាមួយ បញ្ជាក់ផ្ទាល់ពីកាលបរិច្ឆេទនៃការសាងសង់នោះដែរ។ ហេតុនេះហើយ ទើបអ្នកបុរាណវិទ្យាត្រូវប្រើប្រាស់វិធីសាស្ត្រ “សិក្សាប្រៀបធៀប” ដោយផ្អែកលើធាតុផ្សំសំខាន់ៗចំនួន២គឺ៖ ផ្នែកស្ថាបត្យកម្ម និងលម្អស្ថាបត្យកម្ម ដែលពិនិត្យមើលរូបរាងប្លង់ ផ្តែរ ហោជាង សសរពេជ្រ និងសសរផ្អោប និងផ្នែកបដិមាសាស្ត្រ ឬចម្លាក់ ដោយសិក្សាទៅលើទម្រង់ រូបរាង ចរិតលក្ខណៈនៃរូបបដិមា និងរឿងរ៉ាវដែលឆ្លាក់រៀបរាប់នៅលើជញ្ជាំងប្រាសាទ។
ការសិក្សាស្វែងយល់ពីប្រវត្តិសិល្បៈខ្មែរ គឺជារឿងរ៉ាវដ៏មានតម្លៃដែលមិនអាចមើលរំលងបានឡើយ ព្រោះវាជាមត៌កវប្បធម៌ដ៏សម្បូរបែបដែលបានចាក់ឫសយ៉ាងជ្រៅ និងបន្តរស់រានរហូតមកដល់បច្ចុប្បន្ន។
លោក អន សុភាព បានសង្កត់ធ្ងន់ថា ក្នុងនាមជាយុវជនបន្តវេន ជាពិសេសប្អូនៗយុវជន ដែលរស់នៅតំបន់ជុំវិញរមណីយដ្ឋានប្រាសាទបុរាណផ្ទាល់ គឺមានតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការសិក្សាឈ្វេងយល់ ចូលរួមថែរក្សា និងអភិរក្សមត៌កបេតិកភណ្ឌជាតិដ៏អស្ចារ្យទាំងនេះ ឱ្យបានគង់វង្សស្ថិតស្ថេរជាដរាបរៀងទៅអនាគត៕







