ការ​លក់​លំនៅឋាន​នៅ​ទីក្រុងឌូបៃ​កើន​ឡើង​នៅ​ឆមាស​ទី១ ​ខណៈសកម្មភាព​ទិញ​នៅ​តែបន្ត ​ទោះមាន​ជម្លោះ​ក្នុង​តំបន់

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុន ​​Knight Frank បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃបានបំបែកកំណត់ត្រាថ្មីមួយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ខណៈការលក់ផ្ទះដែលមានតម្លៃលើសពី ១០ លានដុល្លារបានកើនឡើង១៤ភាគរយដល់ទឹកប្រាក់ ៥,១ ពាន់លានដុល្លារអាមេរិក។

ការលក់ភាគច្រើនត្រូវបានព្រមព្រៀងគ្នាមុនជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែលកើតឡើង ហើយបានចុះបញ្ជីជាផ្លូវការក្នុងរយៈពេល៤ទៅ៦ សប្តាហ៍ក្រោយមក។ ក្រុមហ៊ុន Knight Frank បានអះអាងថា សកម្មភាពទិញនៅតែបន្ត ទោះបីជាមានជម្លោះក្តី ពីព្រោះមូលដ្ឋានគ្រឹះទីផ្សារនៅតែមានភាពរឹងមាំ។

ក្នុងនោះ ការលក់ផ្ទះប្រណីតបានកើនឡើងដល់ចំនួន ២៩៦យូនីតនៅឆមាសទី១ (១៦៥ យូនីតក្នុងត្រីមាសទី ១ និង ១៣១ យូនីតក្នុងត្រីមាសទី ២)។ ផ្ទះចំនួន ២៦ ដែលមានតម្លៃជាង ២៥ លានដុល្លារអាមេរិកត្រូវបានលក់ចេញ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។

បើទោះបីជាទីក្រុងឌូបៃបានក្លាយទៅជាគោលដៅមួយនៃការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់យ៉ាងណាក្តី ក៏ទីផ្សារអចលនទ្រព្យប្រណីតនៅតែមានភាពរឹងមាំ។ ទោះជាយ៉ាងណា វិស័យផ្សេងៗ ដូចជាទេសចរណ៍បានរងផលប៉ះពាល់។

ក្រុមហ៊ុន Knight Frank បានលើកឡើងថា ស្ថានភាពទីផ្សារបច្ចុប្បន្នមានស្ថិរភាពជាងឆ្នាំ ២០០៨ ដោយសារអ្នកទិញកាន់តែច្រើនកំពុងទិញផ្ទះសម្រាប់រស់នៅជាជាងសម្រាប់ការវិនិយោគ។ នៅឆ្នាំ ២០០៨ ផ្ទះចំនួន ២៥% ត្រូវបានលក់បន្ត (resale) ក្នុងរយៈពេលមួយឆ្នាំ បើប្រៀបធៀបទៅនឹង ៤% ប៉ុណ្ណោះនៅឆ្នាំ ២០២៥។

ទោះបីជាយ៉ាងណាក្តី ជម្លោះនេះបានជះផលប៉ះពាល់ដល់ផ្នែកមួយចំនួននៃទីផ្សារលំនៅឋានផងដែរ ដែលតម្លៃផ្ទះបានធ្លាក់ចុះចន្លោះពី៥ភាគរយទៅ ២០ភាគរយអាស្រ័យលើទីតាំង៕ប្រភព: Bloomberg៕


ចែករំលែក