តម្រូវ​ការ​ជួល​ការិយាល័យ​នៅ​ឥណ្ឌា​សម្រេច​បាន​កំណើន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ឆមាស​ទីមួយ​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្រូវការការិយាល័យនៅប្រទេសឥណ្ឌាសម្រេចបានកំណើនខ្ពស់បំផុតមិនធ្លាប់មាននៅឆមាសទីមួយ ឆ្នាំ២០២៦ ខណៈក្រុមហ៊ុនពហុជាតិសាសន៍បានពង្រីកការជួលការិយាល័យ និងបានចុះកិច្ចព្រមព្រៀងធំៗ ទោះបីជាមានភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយក្តី។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ CBRE បានឱ្យដឹងថា ការជួលការិយាល័យនៅប្រទេសឥណ្ឌាបានកើនឡើងដល់ទំហំចំនួន ៤៥.៥ លានហ្វីតការ៉េក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែលមានទំហំប្រហែលទីលានបាល់ទាត់ចំនួន ៤០០ កន្លែង។

តួលេខខាងលើនេះ​ជា​ចំនួន​សរុប​ប្រចាំឆមាសខ្ពស់​បំផុត​មិន​ធ្លាប់​មាន និងកើនឡើងក្នុងរង្វង់៩,៦ភាគរយ ​បើប្រៀបធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ទិន្នន័យនេះគូសបញ្ជាក់ថា ប្រទេសឥណ្ឌានៅតែជាគោលដៅសំខាន់សម្រាប់ក្រុមហ៊ុនពហុជាតិសាសន៍ដែលកំពុងពង្រីកមជ្ឈមណ្ឌលសមត្ថភាពសកល (GCCs) និងប្រតិបត្តិការបច្ចេកវិទ្យា ទោះបីជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចបានជះឥទ្ធិពលដល់ទំនុកចិត្តយ៉ាងណាក្តី។

លោក Ram Chandnani អ្នកជំនាញនៅក្រុមហ៊ុន CBRE India បានអះអាងថា «ក្រុមហ៊ុនពហុជាតិសាសន៍កំពុងបន្តពង្រីកប្រតិបត្តិការដែលមានស្រាប់នៅប្រទេសឥណ្ឌា ដោយការសម្រេចចិត្តត្រូវបានជំរុញដោយអាទិភាពអាជីវកម្មរយៈពេលវែងជាជាងព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយរយៈពេលខ្លី»។

បណ្តាក្រុមហ៊ុន GCCs គ្របដណ្តប់ចំនួន៤៣ភាគរយនៃការជួលការិយាល័យទាំងអស់នៅក្នុងឆមាសទីមួយ ដោយចំនួននៃកិច្ចព្រមព្រៀងជួលការិយាល័យរបស់ GCC កើនឡើង៣០ភាគរយធៀបនឹងឆ្នាំមុន៕ប្រភព: The Business Times៕


ចែករំលែក