កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ទទួលស្វាគមន៍​ទេសចរមូស្លីម​ ដែល​ជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​មួយ

ចែករំលែក

ដោយៈ ម៉ាណា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ រួមជាមួយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើ​ញជាអធិបតីក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ “ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ”។

វេទិកានេះរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១) ការស្វាគមន៍ភ្ញៀវទេសចរ គ្រប់ជាតិសាសន៍មកកាន់កម្ពុជា ដែលជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត (២) ការបង្ហាញពីសក្តានុពល និងភាពសម្បូរបែបនៃផលិតផលទេសចរណ៍កម្ពុជា ព្រមទាំងការលើកកម្ពស់សេវាកម្ម ប្រកបដោយគុណភាព និងស្តង់ដា, និង (៣) ការត្រៀមខ្លួនឱ្យបានរួចជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ស្របតាមនិន្នាការ និងតម្រូវការទីផ្សារអន្តរជាតិ។

ព្រឹត្តិការណ៍ដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោក លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតបរទេស ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងសហគមន៍សាសនាឥស្លាម សមាគមនៅក្នុងឧស្សាហកម្មទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន វិស័យឯកជន បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន អាជីវ​ករ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបចំនួន ៥១៣នាក់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា ដែលជាឯកសារគោលសម្រាប់អភិវឌ្ឍន៍ គោលដៅទេស​ចរណ៍ មូលដ្ឋានអាជីវកម្ម និងការផ្តល់បដិសណ្ឋារកិច្ចប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្ត ជូនភ្ញៀវទេសចរមូស្លីម។

លោកបញ្ជាក់ថា “វេទិកានេះ គឺជាការបន្តភាពជោគជ័យពីវេទិកាទេសចរណ៍មូស្លីមលើកទី១ (ឆ្នាំ២០២៤) និងលើកទី២ (ឆ្នាំ២០២៥) ព្រមទាំងជាការបោះជំហានថ្មីមួយទៀត នៅក្នុងការអភិវឌ្ឍទេសចរណ៍មូស្លីមនៅកម្ពុជា”។

វេទិកាលើកទី៣នេះ មានលក្ខណៈកាន់តែធំជាងមុន និងពិសេសជាងមុន ដោយប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ (១០-១២ ខែកក្កដា) ដែលមានការរៀបចំជាកិច្ចពិភាក្សាតុមូល លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងទេសចរណ៍មូស្លីម មានស្តង់ពិព័រណ៍ប្រមាណ១៥០ស្តង់ ជាមួយការរំពឹងទុកថាមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

បន្ថែមលើនេះ ក្រសួងក៏បានរៀបចំទស្សនកិច្ចសិក្សា (Fam Trip) របស់គណៈប្រតិភូធុរជនមូស្លីម មកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បីមកទស្សនាតំបន់គោលដៅទេសចរណ៍សំខាន់ៗនៅព្រះរាជាណាចក្រកម្ពុជា និងពិនិត្យលទ្ធភាពរៀបចំកញ្ចប់ទស្ស​នកិច្ចជូនទេសចរមូស្លីមពីក្នុងតំបន់ និង ជុំវិញពិភពលោក មកទស្សនាកម្ពុជា។

លោករដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា វេទិកា និងពិព័រណ៍ទេសច​រណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ នឹងរួមចំណែកជំរុញការផ្សព្វផ្សា​យសក្តានុពលទេសចរណ៍កម្ពុជា ពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយបណ្តាប្រទេសនានា ព្រមទាំងបញ្ជាក់ឱ្យពិភពលោកបានឃើញថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មានភាពកក់ក្តៅ និងទំនុកចិត្ត ដែលអាចទទួលស្វាគមន៍ភ្ញៀវទេសចរ ពីគ្រប់ទិសទីនៅក្នុងតំបន់ និងនៅលើពិភពលលោក៕


ចែករំលែក