ក្រុមហ៊ុនលំដាប់យក្ស​របស់​ចិន​គាំទ្រ​គោល​នយោបាយ​លើកលែង​ទិដ្ឋាការ​ពី​កម្ពុជា​សម្រាប់​ភ្ញៀវទេសចរណ៍​ចិន​

ចែករំលែក

ដោយៈ ចំណាន

    ប្រទេសចិនៈ ក្រុមហ៊ុនធានារ៉ាប់រងធំជាងគេលើពិភពលោក និងនៅប្រទេសចិន Ping An គាំទ្រគោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជាសម្រាប់ប្រជាជនចិន និងប្តេជ្ញាចូលរួមជាមួយក្រសួងទេស​ចរណ៍ផ្តល់សេវាធានារ៉ាប់រង ប្រកបដោយគុណភាពខ្ពស់ដល់ភ្ញៀវទេសចរចិន និងអន្តរជាតិ។

នាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវីធី 2026 World Al Conference and High-Level Meeting on Global Al Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន និងដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសធ្វើទស្សនកិច្ច និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុនធានារ៉ាប់រង Ping An នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Shi Hequn នាយកប្រតិបត្តិក្រុមហ៊ុន Ping An Property & Casualty Insurance Company of China, Ltd នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង។

នាឱកាសជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្រ្តី បានជម្រាបជូនលោកនាយកប្រតិបត្តិ ក្រុមហ៊ុនអំពីសក្តានុពល និងបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ទាំងស្រុង នូវបញ្ហា Online Scam និងពីគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន។

ជាលទ្ធផល ភាគីទាំងសងខាង បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រួមគ្នា តាមរយៈការដាក់ចេញផែនការនិយោគ លើប្រព័ន្ធធានាសុវត្ថិភាពភ្ញៀវទេសចរ ពិសេសការពង្រឹងប្រព័ន្ធធានារ៉ាប់រងរួមគ្នា កម្ពុជា-ចិន សម្រាប់ភ្ញៀវទេសចរចិន និងភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនPing An នឹងធ្វើការសិក្សាពីលទ្ធភាពវិនិយោគបង្កើតខ្សែទស្សនកិច្ច ទេសចរណ៍លំដាប់ខ្ពស់ (Exclusive Luxury Tour) ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ និងវិនិយោ​គិនចិនលំដាប់ខ្ពស់ ដែលមានបំណងធ្វើទស្សនកិច្ចទេសចរណ៍​ និងស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា។

ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលនៃផែនការសកម្ម​ភាពខាងលើ ភាគីទាំងពីរ បានធ្វើការចាត់តាំងមន្រ្តីបង្គោល (Focal Point) ទៅវិញទៅមក ដើម្បីរៀបចំការងារលម្អិត និងការត្រៀមសិក្សាស្វែងយល់ជាក់ស្តែងនៅកម្ពុជា។

ក្រុមហ៊ុន Ping An Property & Casualty Insurance Company of China, Lt ជាក្រុមហ៊ុនធានារ៉ាប់រងរបស់ប្រទេសចិនធំជាងគេលើពិភពលោក លើផែ្នកទ្រព្យសកម្ម (1st in Asset size) និងក៏ជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេ លើពិភពលោកលើផ្នែកប្រាក់ចំណូ​ល(1st in Revenue) មានអតិថិជនទូទៅ (Retail Customers​) សរុបប្រមាណ ២៥១លាននាក់ និងអតិថិជនជាក្រុមហ៊ុន(Corporate Customers) ប្រមាណ៤លានក្រុមហ៊ុន៕


ចែករំលែក