អ្នកឧកញ៉ា​គិត ម៉េង​ជម្រុញ​ប្រេស៊ីល​រៀប​ចំ​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ​និង​ការ​តភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​

ចែករំលែក

ដោយៈ និស្ស័យ

    ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា ទទួ​លជួបពិភាក្សាការងារជាមួយ លោកជំទាវ វីវៀន ឡូស សាន់ម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំព្រះ កម្ពុជា។

ក្នុងជំនួបពិភាក្សា​នេះ លោកជំទាវVivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា បានបង្ហាញនូវបំណងប្រាថ្នាយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជំរុញគណៈប្រតិភូធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីពង្រីកឱកាសវិនិយោគថ្មីៗ និងនាំមកនូវប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ។

លោក​ជំទាវ បានវាយតម្លៃខ្ពស់ចំពោះសក្តានុពល សេដ្ឋកិច្ចកម្ពុជាផងដែរ។ ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្របខ័ណ្ឌធុរកិច្ចដ៏ល្អប្រសើរ ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសមានកម្មសិទ្ធិ១០០% លើស្ទើរគ្រប់វិស័យ ដើម្បីទាក់ទាញ ការវិនិយោគផ្ទាល់ ព្រមទាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេ​ស ក្នុងនោះរដ្ឋាភិបាលកម្ពុជាកំពុងការពារ ការវិនិយោគដែលមានស្រាប់ ទាក់ទាញធុរកិច្ចថ្មីៗ និងអនុវត្តការកែទម្រង់យ៉ាងសកម្មដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs)។

អ្នកឧកញ៉ា បានស្នើ​លោកជំទាវ​ឯក​អគ្គរដ្ឋ​ទូត​ ជំរុញ​ដល់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​៖ ១) ជំរុញ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ២)កិច្ចព្រមព្រៀងជំរុញ និងការពារការវិនិយោគ និង៣) កិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា (DTA)។

ជាង​នេះ​ទៅ​ទៀត អ្នក​ឧកញ៉ា ជំរុញ​លើកកម្ពស់វិស័យទេ​សចរណ៍ និងលំហូរភ្ញៀវទេសចរ តាមរយៈការសិក្សាលើការបង្កើតជើងហោះហើរត្រង់ និងការសម្របសម្រួលទិដ្ឋាការទេសចរណ៍។ អ្នក​ឧកញ៉ាគូស​បញ្ជាក់​ថា កម្ពុជាមានទីតាំងយុទ្ធសាស្ត្រ នៅចំកណ្តាល​អាស៊ាន ដែលផ្តល់នូវច្រកចូលទីផ្សារតំបន់ដ៏ធំ​ ហើយ​អាស៊ាន​គឺ​ជា​តំបន់​ដែល​កំពុង​មាន​កំណើន​ខ្ពស់ ទោះបីជាមានបញ្ហាប្រឈម និងជម្លោះនៅមជ្ឈិមបូព៌ាក៏ដោយ។

ភាគីទាំងពីរបានឯកភាព​ជា​គោលការណ៍​ លើចំណុចដែល​បាន​ពិភាក្សា​ និងត្រៀមខ្លួនក្នុងការស្វាគមន៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចប្រេស៊ីលមកកម្ពុជា និងពីកម្ពុជាទៅប្រេស៊ីលនាពេលអនាគត ដើម្បីទាក់ទាញ ការវិនិយោគផ្ទាល់ និងពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចនៃ ប្រទេសទាំងពីរ៕


ចែករំលែក