ដោយៈ និស្ស័យ
ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ វីវៀន ឡូស សាន់ម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំព្រះ កម្ពុជា។
ក្នុងជំនួបពិភាក្សានេះ លោកជំទាវVivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា បានបង្ហាញនូវបំណងប្រាថ្នាយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជំរុញគណៈប្រតិភូធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីពង្រីកឱកាសវិនិយោគថ្មីៗ និងនាំមកនូវប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ។
លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះសក្តានុពល សេដ្ឋកិច្ចកម្ពុជាផងដែរ។ ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្របខ័ណ្ឌធុរកិច្ចដ៏ល្អប្រសើរ ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសមានកម្មសិទ្ធិ១០០% លើស្ទើរគ្រប់វិស័យ ដើម្បីទាក់ទាញ ការវិនិយោគផ្ទាល់ ព្រមទាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងនោះរដ្ឋាភិបាលកម្ពុជាកំពុងការពារ ការវិនិយោគដែលមានស្រាប់ ទាក់ទាញធុរកិច្ចថ្មីៗ និងអនុវត្តការកែទម្រង់យ៉ាងសកម្មដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs)។
អ្នកឧកញ៉ា បានស្នើលោកជំទាវឯកអគ្គរដ្ឋទូត ជំរុញដល់រដ្ឋាភិបាលប្រទេសទាំងពីរ៖ ១) ជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ២)កិច្ចព្រមព្រៀងជំរុញ និងការពារការវិនិយោគ និង៣) កិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា (DTA)។
ជាងនេះទៅទៀត អ្នកឧកញ៉ា ជំរុញលើកកម្ពស់វិស័យទេសចរណ៍ និងលំហូរភ្ញៀវទេសចរ តាមរយៈការសិក្សាលើការបង្កើតជើងហោះហើរត្រង់ និងការសម្របសម្រួលទិដ្ឋាការទេសចរណ៍។ អ្នកឧកញ៉ាគូសបញ្ជាក់ថា កម្ពុជាមានទីតាំងយុទ្ធសាស្ត្រ នៅចំកណ្តាលអាស៊ាន ដែលផ្តល់នូវច្រកចូលទីផ្សារតំបន់ដ៏ធំ ហើយអាស៊ានគឺជាតំបន់ដែលកំពុងមានកំណើនខ្ពស់ ទោះបីជាមានបញ្ហាប្រឈម និងជម្លោះនៅមជ្ឈិមបូព៌ាក៏ដោយ។
ភាគីទាំងពីរបានឯកភាពជាគោលការណ៍ លើចំណុចដែលបានពិភាក្សា និងត្រៀមខ្លួនក្នុងការស្វាគមន៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចប្រេស៊ីលមកកម្ពុជា និងពីកម្ពុជាទៅប្រេស៊ីលនាពេលអនាគត ដើម្បីទាក់ទាញ ការវិនិយោគផ្ទាល់ និងពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចនៃ ប្រទេសទាំងពីរ៕







