ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ ក្នុងគោលដៅបង្កើនផលិតភាព ពង្រឹងគុណភាពនិងរក្សានិរន្តរភាពឧស្សាហកម្មម្រេចកម្ពុជា ក្រសួងពាណិជ្ជកម្មបានរៀបចំវេទិកាលើកទី១ទាក់ទងនឹងផលិតផលម្រេចនៅកម្ពុជា។
វេទិកាដ៏មានសារៈសំខាន់នេះ មានគោលដៅដើម្បីផ្សព្វផ្សាយព័តមានថ្មីៗ ស្តីពីផលិតកម្ម លក្ខខណ្ឌតម្រូវទីផ្សារ ស្ថានភាពទីផ្សារម្រេចអន្តរជាតិ ការរៀបចំសៀវភៅបន្ទុកផលិតម្រេចប្រកបដោយគុណភាព ការចែករំលែកព័តមានពីការ នាំចេញម្រេច និងដើម្បីប្រមូលកៀរគរមតិយោបល់បន្ថែម ពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ទាំងអ្នកផលិត អ្នកប្រមូលទិញ អ្នកកែច្នៃ និងអ្នកនាំចញក្នុងការកសាងយុទ្ធសាស្ត្រថ្នាក់ជាតិមួយជាត្រីវិស័យ សម្រាប់ជំរុញការអភិវឌ្ឍឧស្សាហកម្មម្រេចកម្ពុជាប្រកបដោយសង្គតិភាព និងបរិយាប័ន្ន។
-->

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវតឹករ៉េត កំរ៉ងបានឲ្យដឹងនាព្រឹកថ្ងៃទី១៨ ធ្នូនេះថា ម្រេចត្រូវបានក្រសួងពាណិជ្ជកម្ម ដាក់បញ្ចូលក្នុងប្រភេទមុខទំនិញសក្តានុពលរបស់កម្ពុជា សម្រាប់រៀបចំយុទ្ធសាស្ត្រធ្វើពិពិធកម្ម និងជំរុញការនាំចេញ។ បច្ចុប្បន្នដំណាំម្រេចបាន និងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេស ព្រោះតែដំណាំនេះកំពុងទទួលបានការគាំទ្រពីទីផ្សារ និងឆាប់ទទួលបានប្រាក់ចំណូលត្រឡប់មកវិញ។
លោកជំទាវបន្តថា “ការពង្រីកការដាំដុះបានកើនដល់ចំនួន១៩ ចាប់ពីតំបន់និរតី រហូតដល់តំបន់ពាយ័ព្យ និងភូមិភាគ ឥសាន្តនៃប្រទេសកម្ពុជា ដែលមានផ្ទៃសីដាំដុះប្រមាណជាង៦ពាន់ហិចតា និងផ្តល់ទិន្នផលប្រមាណជាង២ម៉ឺនតោនគិតត្រឹមខែឧសភាឆ្នាំ២០១៧។
លោកឧកញ៉ាហៃ លីអ៊ាងប្រធានអគ្គនាយកនៃក្រុមហ៊ុន CONFIRELដែលបាននាំចេញម្រេចកំពតទៅក្រៅប្រទេសបានថ្លែងថា ទីផ្សារម្រេចកំពតនៅបរទេសនៅបន្តកើនឡើង ដោយសារវាជាផលិតផលសម្គាល់ភូមិសាស្ត្រ និងមានការ ទទួលស្គាល់ពីអន្តរជាតិ។

លោកបន្តថា “ម្រេចកំពតរបស់កម្ពុជាមានលក្ខណៈពិសេស ដោយសារលក្ខខ័ណ្ឌអាកាសធាតុ ដីដាំដុះ និងការថែរទាំបានល្អប្រសើរ”៕