ដោយ: សហសេវិក
អន្តរជាតិ: យោងតាមកាសែត South China Morning Post ការទិញផ្ទះនៅសហរដ្ឋអាមេរិកដោយជនបរទេសបានធ្លាក់ចុះដល់កម្រិតទាបបំផុតជាលើកទី២ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦។
ជនជាតិចិនជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមជនបរទេស ដែលបានទិញផ្ទះក្នុងចំនួនច្រើនជាងគេនៅសហរដ្ឋអាមេរិក នៅពីក្រោយប្រទេសកាណាដា និងម៉ិកស៊ិក។
លំនៅឋានដែលជនជាតិចិនបានទិញ មានតម្លៃជាមធ្យមប្រហែល១លានដុល្លារអាមេរិក។ ប្រទេសឥណ្ឌា និងចក្រភពអង់គ្លេសជាប់ចំណាត់ថ្នាក់លេខ៤ និងលេខ៥ រៀងគ្នា បើគិតពីចំនួនផ្ទះ។
ជារួម ជនបរទេសបានទិញផ្ទះចំនួន៦៧.១០០ខ្នងនៅសហរដ្ឋអាមេរិក ធ្លាក់ចុះ១៤ភាគរយ។ តម្លៃផ្ទះខ្ពស់ និងការផ្គត់ផ្គង់លំនៅឋានមានកំណត់ បានរារាំងការទិញ។ តម្លៃផ្ទះមធ្យមដែលបានទិញដោយជនបរទេសមានចំនួន៤៦៥.០០០ដុល្លារអាមេរិក។
យោងតាមលោក Lawrence Yun ប្រធានសេដ្ឋវិទូនៃសមាគមជាតិនៃភ្នាក់ងារអចលនទ្រព្យ បានឱ្យដឹងថា ការធ្លាក់ចុះនៃការទិញផ្ទះដោយជនបរទេសបានឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិទៅកាន់សហរដ្ឋអាមេរិក។
លោកបានកត់សម្គាល់ថា ខណៈជនជាតិកាណាដា និងម៉ិកស៊ិកបានទិញផ្ទះក្នុងចំនួនច្រើនបំផុត ប៉ុន្តែជនជាតិចិនបានចំណាយប្រាក់ច្រើនបំផុត ដោយសារជនជាតិចិនផ្តោតលើអចលនទ្រព្យដែលមានតម្លៃថ្លៃជាងនៅរដ្ឋកាលីហ្វ័រញ៉ា។
រដ្ឋ Florida នៅតែជាគោលដៅពេញនិយមបំផុតសម្រាប់ជនបរទេស ដែលបានគ្របដណ្តប់ចំនួន២០ភាគរយនៃការទិញផ្ទះសរុបដោយជនបរទេស បន្ទាប់មកគឺរដ្ឋកាលីហ្វ័រញ៉ា រដ្ឋតិចសាស រដ្ឋ New Jersey និងរដ្ឋ Georgia៕







