ដោយៈ ចំណាន
សៀមរាបៈ “ទេសចរម្នាក់ ដើមឈើមួយដើម” ការផ្សារភ្ជាប់ការអភិរក្សបរិស្ថាន ជាមួយការអភិវឌ្ឍទេសចរណ៍បៃតង ប្រកបដោយចីរភាព។
ពាក្យស្លោកនេះ ត្រូវបានលើកឡើង ក្នុងឱកាសនៃពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU)រវាងក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី “កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវាត់បៃតងនៅតំបន់ទេសចរណ៍ និងពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម” លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងការដាំដើមឈើប្រណិត ស្ថិតនៅបរិវេណសួនអាស៊ាន-កូរ៉េ (សួនក្រញ៉ូង) ខេត្តសៀមរាប។
សកម្មភាពដាំដើមឈើនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍ “ទេសចរណ៍បៃតង (Green Tourism)” នៅព្រះរាជាណាចក្រកម្ពុជា ដែលស្របទៅតាមនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការផ្សារភ្ជាប់ការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ ទៅនឹងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍កំពុងបន្តជំរុញយុទ្ធនាការ“ទេសចរម្នាក់ ដើមឈើមួយដើម (One Tourist, One Tree) ដោយលើកទឹកចិត្តយ៉ាងសកម្ម ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលរួមដាំដើមឈើ ក្នុងអំឡុងពេលទស្សនាកម្ពុជា។
គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីប្រែក្លាយរាល់ដំណើរកម្សាន្តរបស់ទេសចរ មិនត្រឹមតែជាការបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ប្រពៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបន្សល់ទុកនូវ “មរតកបៃតង” សម្រាប់សហគមន៍មូលដ្ឋាន និងជំនាន់ក្រោយៗទៀត។
ការអនុវត្តយុទ្ធនាការនេះ ក៏ជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជា “គោលដៅទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត” ដែលផ្តល់ជូននូវបទពិសោធន៍ទេសចរណ៍ ប្រកបដោយគុណភាព ភាពទាក់ទាញ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងធានាបាននូវនិរន្តរភាព នៃវិស័យទេសចរណ៍ជាតិជាប្រវត្តិសាស្ត្រ៕







