ADB បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា​ដើម្បី​នាំ​ប្រទេស​នេះ​ចាក​ចេញ​ពី​ឋានៈ LDC

ចែករំលែក

ដោយៈ ម៉ាណា

ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍គណៈប្រតិភូ និងបានវាយតម្លៃខ្ពស់លើវឌ្ឍនភាព នៃការអនុវត្តជំនួយបច្ចេកទេស និងសកម្មភាពគោលនយោបាយនានា ដែលកំពុងដំណើរការ ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងពង្រឹងភាពប្រកួតប្រជែង លើវិស័យពាណិជ្ជកម្មនៅកម្ពុជា។

ជាការឆ្លើយតប លោកស្រីនាយិការ បានកត់សម្គាល់ពីវឌ្ឍនភាព និងកាលានុវត្តភាព ក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងបានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ADB ក្នុងការបន្តផ្តល់ជំនួយបច្ចេកទេស និងគាំទ្រកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងដំណា​ក់កាលដែលកម្ពុជាកំពុងត្រៀមខ្លួន ចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការរៀបចំគម្រោងជំនួយបច្ចេកទេស និងគំនិតផ្តួចផ្តើមថ្មីៗ ស្របតាមអាទិភាពសំខាន់ៗរបស់វិស័យពាណិជ្ជកម្ម។ ក្នុងជំនួបនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរវាងក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ប្រកបដោយចីរភាព ពង្រឹងសមត្ថភាពស្ថាប័ន និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់កម្ពុជាជាបន្តបន្ទាប់៕


ចែករំលែក